បាងកក ៖ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើនាយឧត្តមសេនីយ៍ថៃ លោក Suparat Ngernbumroong អគ្គនាយកមជ្ឈមណ្ឌលទំនាក់ទំនងគម្រោងព្រះរាជតម្រិះ និងសន្តិសុខជាតិ ជួយបណ្តុះបណ្តាលជំនាញកសិកម្មដល់ប្រជាកសិករខ្មែរនៅក្នុងខេត្តប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅតាមព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមឯកអគ្គរាជទូត បានលើកសំណើនេះឡើង នាឱកាសដឹកនាំមន្ត្រីការទូតធ្វើទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលគម្រោងព្រះរាជតម្រិះ និងសន្តិសុខជាតិ កាលពីរសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីស្វែងយល់ពីការអនុវត្តទស្សនៈវិជ្ជាសេដ្ឋកិច្ចស្វ័យទ្រទ្រង់ (Economic Sufficiency) ផ្តួចផ្តើម ដោយអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលបានជួយលើកស្ទួយជីវភាពប្រជាជនថៃរាប់លាននាក់ តាមរយៈវិស័យកសិកម្ម។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ Suparat បានសម្តែងការស្វាគមន៍ និងសន្យាបន្តធ្វើការជាមួយការិយាល័យអនុព័ន្ធយោធា និងអនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជា ដើម្បីបើកវគ្គបណ្តុះបណ្តាលជំនាញដាំបន្លែសរីរាង្គ និងចិញ្ចឹមសត្វ ជូនប្រជាកសិករខ្មែរមកពីខេត្តទាំងបីខាងលើ នៅពេលដែលវិបត្តិជំងឺកូវីដ១៩ មានសភាពធូរស្រាល។
សូមជម្រាបថា គម្រោងព្រះរាជតម្រិះ និងសន្តិសុខជាតិ ត្រូវបានដឹកនាំអនុវត្តដោយកងយុទ្ធពលខេមរភូមិន្ទថៃ អស់រយៈពេលជាង ៦០ឆ្នាំ ដើម្បីរម្លឹកដល់ព្រះមហាករុណាទិគុណអតីតព្រះមហាក្សត្រថៃ ដែលព្រះអង្គបានលះបង់ព្រះរាជកាយពលចុះដោះស្រាយបញ្ហាជីវភាពប្រជាជន នៅតាមតំបន់ដាច់ស្រយាលទូទាំងប្រទេសថៃ។ ចាប់តាំងពីឆ្នាំ២០១៧ មានកងទ័ពកម្ពុជា ចំនួន ៥៦នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលនៅក្រោមគម្រោងដ៏ថ្លៃថ្លានេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ