Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនៀម​ចាប់​ត្រី​រួមគ្នា ត្រៀម​ឡើង​មាឃ​របស់​អ្នកស្រុក​អង្គរ​នៅតែ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​

​សៀមរាប ​៖ ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ប្រមូលផ្តុំ​ទៅដោយ​បេតិកភណ្ឌ​រស់ ដែល​សម្បូរ​ទាំង​មរតក​អរូបី និង​រូបី​ជាច្រើន ហើយ​ត្រូវបាន​អ្នកស្រុក​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

​ជាក់ស្តែង​ជា​រៀងរាល់ឆ្នាំ ច្រើន​ជំនាន់​មនុស្ស​មកហើយ ឱ្យតែ​ដល់​ខែមាឃ អ្នកស្រុក​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មិនដែល​ខកខាន​និង​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​ជា​លក្ខណៈ​សហគមន៍​ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ​តាម​ទំនៀមទម្លាប់​ពី​បុរាណ​។​

​ការចាប់​ត្រី​រួមគ្នា​ធ្វើឡើង​នៅ​ត្រពាំង​បឹង​ដែលជា​ត្រពាំង​បុរាណ មានទឹក​ខួបប្រាំងខួបវស្សា អ្នកស្រុក​បាន​អភិរក្ស​ទុក ការពារ​មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​ចូលមក​នេសាទ​ផ្តេសផ្តាស់​ខុសពី​ខែមាឃ​នេះឡើយ លុះត្រាតែ​មានការ​សម្រេច​គ្នា​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ជាមុន ហើយ​កំណត់​ថ្ងៃ​នេសាទ​រួម ទើប​អ្នកភូមិ​អាច​ទៅរក​ចាប់បាន​។ ប៉ុន្តែ​ត្រូវតែ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ រួមមាន​សំណាញ់ អង្រុត ឈ្នាង ជាដើម​។​

​លោក ពេជ្រ ឃិន មេភូមិ​ភូមិ​បង្កោង​មានប្រសាសន៍ថា ត្រី​ដែល​ចាប់បាន​នោះ មួយផ្នែក​សម្រាប់ធ្វើ​ម្ហូប​លក្ខណៈ​គ្រួសារ​រៀងៗ​ខ្លួន មួយផ្នែក​ទៀត​សម្រាប់ធ្វើ​ទឹក​នំ​បញ្ចុក និង​ធ្វើ​ម្ហូបអាហារ​រួម សម្រាប់​ពិធី​ឡើង​មាឃ ឬ​បុណ្យ​ឡើងអ្នកតា​តាម​ទំនៀម​បុរាណ​។

​លោក​មេភូមិ​ឱ្យ​យ​ដឹង​ទៀតថា ឆ្នាំនេះ​សម្បូរ​ត្រី​។ ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ មាន​ភ្លៀង​ធ្លាក់​ចុងឆ្នាំ​ច្រើន​ទឹក​បឹង​មិនសូវ​ស្រក ការចាប់​ត្រី​ក៏បាន​តិច​។ ហេតុដូច្នេះ បានជា​ត្រូវ​ពន្យារ​ការចាប់​ត្រី​ពីថ្ងៃ​៣​កើត ខែមាឃ ដែល​ធ្លាប់ធ្វើ​រាល់​ឆ្នាំ មក​ថ្ងៃ​៩​រោច ខែមាឃ​វិញ​។ ទោះបី ពិធី​នេះ​មិនបាន​ប្រារព្ធ​ក្នុង​ថ្ងៃ​ណាមួយ​ច្បាស់លាស់ តែ​មិនឱ្យ​ហួស​ពី​ខែមាឃ​នេះឡើយ​។​

​ប្រជាជន​ក្នុង​ភូមិប​ង្គោ​ង យុវជន លោក យឿន តារា ដែល​ក្រោក​មក​ចាំ​ចាប់​ត្រី​តាំងពី​ព្រលឹម​ស្រាងៗ បាន​សម្តែង​ចិត្ត​សប្បាយរីករាយ​ដែល​បានមក​ចាប់​ត្រី​រួមគ្នា ដែល​បង្ហាញ​ការ​សាមគ្គី​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ពិសេស​រក្សាបាន​នូវ​ទំនៀមទម្លាប់​ដែលមាន​តាំងពី​យូរលង់​មកហើយ​។ ក្នុងនាម​ជា​យុវជន លោក​ចង់ឱ្យ​ទំនៀម​នេះ​នៅតែ​បន្ត​សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ស្គាល់​រហូត​តទៅ​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​ឡើង​មាឃ​ឬ​ឡើងអ្នកតា​នេះ ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​អរូបី ក្រៅពី​បង្ហាញឱ្យឃើញ​តម្លៃ​វប្បធម៌ ការថែរក្សា​មរតក​វប្បធម៌ ក៏បាន​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​និង​ភាពរស់រវើក​នៅតាម​សហគមន៍ និង​ដើម្បី​អបអរ​ដល់​ទិន្នផល​ទទួលបាន ក្រោយពី​បាន​ប្រមូល​ផល​ស្រូវ​រួចរាល់​ហើយ​។ ចំពោះ​ពិធី​នេះ ក៏​មានការ​ប្រារព្ធ​ប្រហាក់ប្រហែលគ្នា​នៅតាម​ស្រុក និង​ខេត្ត​មួយចំនួនទៀត​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×