Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ​ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ប្រវែង ២៧​គីឡូម៉ែត្រ​ក្នុង​ក្របខណ្ឌ​ប្រើប្រាស់​កញ្ចប់​ថវិកា​សន្សំ​របស់​ជាតិ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ សម្រេចបាន​៩៣,៤២%​ហើយ​

spot_img

​ព្រះសីហនុ​៖ ថ្ងៃ​សៅ​រិ៍ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការស្តារ​អូរ​សំខាន់ៗ​នៅក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ស្ដារ​អូរ​ប្រឡាយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ស្ថានីយ​បូមទឹក ដែល​សាងសង់​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ក្រុមហ៊ុន BUCG ដោយ​ក្នុងនោះ​រួមមាន​បឹង​ព្រែក​ទប់ ស្ថានីយ​បូម​អេ​ម៉ា​រី​អូ ស្ថានីយ​បូម​មុខ​សាលាខេត្ត និង​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កាកសំណល់​ក្រុងព្រះសីហនុ ជាដើម​។

​គោលបំណង​នៃ​ការស្តារ​អូរ​ធម្មជាតិ​សំខាន់ៗ​ទាំងនេះ គឺ​ដើម្បី​ការពារ​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​ងាយ​រងគ្រោះ​ក្នុង​ទីក្រុង ក៏ដូចជា​រៀបចំ​កសាង​ប្រព័ន្ធ​ប្រឡាយទឹក​នៅ​ទីក្រុង​មួយ​នេះ​ឱ្យមាន​បរិស្ថាន​ស្អាត និង​អនាម័យ​ល្អ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​កាន់តែច្រើន​ថែមទៀត​។​

​សូមជម្រាបថា​៖ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ​ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​ក្របខណ្ឌ​ប្រើប្រាស់​កញ្ចប់​ថវិកា​សន្សំ​របស់​ជាតិ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នេះ​សម្រេចបាន ៩៣,៤២%​ហើយ​។​

​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កាកសំណល់​ក្រុងព្រះសីហនុ ដែលមាន​ផ្ទៃក្រឡា​ចំនួន​១៦​ហិកតា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​រៀបចំ​សំណើសុំ​ថវិកា​ប្ដូរ​ម៉ូ​ទ័​រ និង​ដំឡើង​ផ្ទាំង​ថាមពល​សូ​ឡា​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​ប្រសិទ្ធភាព​នៃ​ការសម្អាត​សារជាតិ​កខ្វក់​នៅក្នុង​ទឹក និង​កាត់បន្ថយ​ការចំណាយ​ថាមពល​អគ្គិសនី ដែល​ជួយ​ដល់​ការ​សន្សំសំចៃ​ថវិកាជាតិ​បាន​មួយកម្រិត ជាពិសេស​ធានាបាន​នូវ​បរិស្ថាន​ស្អាត​ប្រកបដោយ​ផាសុខភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មុននឹង​បញ្ចេញ​ទឹក​កខ្វក់​ទាំងនោះ​ចូលទៅក្នុង​ឆ្នេរសមុទ្រ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា​ស្ថានីយ​ប្រព្រឹត្តិកម្ម​តាមបែប​ធម្មជាតិ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ គឺជា​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​សំណល់​ធំ​ទី​២ បន្ទាប់ពី​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កង្វក់​តាមបែប​ធម្មជាតិ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​គួរកត់សំគាល់​ផងដែរ​ថា​៖​ដោយសារ​តែមាន​ការហូ​រ​ចូល​នូវ​វិនិយោគ​ចម្រុះ​តាមរយៈ​ការសាងសង់​អគារ​ខុន​ដូ រមណីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន ខេត្ត​ព្រះសីហនុ បាននិងកំពុង​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទន្ទឹមនឹង​ការអភិវឌ្ឍ​បរិមាណ​ទឹក​កខ្វក់​មាន​ការកើនឡើង​លើសពី​ការរំពឹងទុក ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាបន្ទាន់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​ដែនដី​បាន​ស្ដារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់ និង​សាងសង់​ស្ថានីយ​បូមទឹក​មួយចំនួន​បន្ថែ​ម​ទៀត​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវជាតិ​លេខ​៤​ចាប់ពី​PK២១៥+៨០០ ដល់ PK២២២+៧០០ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រវែង​៦,៧​គីឡូម៉ែត្រ មាន​ទិស​ចរាចរណ៍​ចំនួន​៦​គន្លង បី​គន្លង​ទៅ បី​គន្លង​មក និង​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​កែសម្រួល ពង្រីក និង​ដាក់​ភ្លើង​សញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×