ស្រុកស្ទោង, ខេត្តកំពង់ធំ៖ លោក ជា ចាន់តូ បានថ្លែងថា កាលណាយើងមានការសាមគ្គីភាព ការឯកភាពគ្នាជាធ្លុងមួយនិងមានសុខសន្តិភាពហើយគឺយើងពិតជាមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍប្រទេស។ ដូចនេះសុខសន្តិភាពនិងការកក្តាសាមគ្គីភាពមានតម្លៃធំធេងណាស់ជាងអ្វីៗទាំងអស់ដែលត្រូវរួមគ្នាថែរក្សាការពារឲ្យគង់វង្ស។
លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង បានថ្លែងក្នុងពិធីផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្ដាលស្ដីពីសភាពការណ៍ទូទៅនិងការងារបក្សឆ្នាំ២០២០និងទិសដៅភារកិច្ចឆ្នាំ២០២១ដល់ថ្នាក់ដឹកនាំ មន្ត្រីថ្នាក់ស្រុក ឃុំ និង ក្រុមយុវជនគណបក្សទូទាំងស្រុកស្ទោង។
លោក ជា ចាន់តូ បានលើកឡើងទៀតថា៖«អ្វីដែលកាន់តែកោតសរសើរទៀតនោះនៅក្នុងស្ថានភាពដែលកម្ពុជាខិតខំការពារទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទោះបីកម្ពុជាជួបករណីខ្លះៗពិតមែនប៉ុន្តែចំនួននេះតិចតួចណាស់បើប្រៀបធៀបនឹងប្រទេសជិតខាងនិងពិភពលោកទាំងមូល។»
លោកថា កក្តានេះបានមកដោយសារប្រជាជនយើងម្នាក់ៗសុទ្ធតែមានស្មារតីសាមគ្គីភាពនិងការមានចូលរួមព្រមគ្នាៗ ព្រមទាំងមានការយល់ដឹងច្បាស់ចេះទទួលយកតាមការអំពាវនាវនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល។
ហើយនៅក្នុងឆ្នាំ២០២០កន្លងទៅនេះទោះបីកម្ពុជាទទួលរងនូវវិបត្តិសកលនេះយ៉ាងណាក៏ដោយក៏កម្ពុជានៅតែសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាច្រើនដដែលដូចជាការរក្សាបានស្ថេរភាពនយោបាយសុខសន្តិភាព ការរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងអតិផរណា, ការរក្សាតម្លៃ ប្រាក់រៀលនិងតម្លៃទំនិញជាដើម។
លោកបន្តថា ជារួមរាល់សមិទ្ធផលដែលកម្ពុជាសម្រេចបានកន្លងមកពិសេសក្នុងឆ្នាំ២០២០ដែលជាឆ្នាំដ៏លំបាកដោយការរីករាលដាលនៃជម្ងឺកូវីដ១៩តែកម្ពុជានៅតែរក្សាបានល្អ។
ដូចនេះយើងជាប្រជាជាតិខ្មែរត្រូវនាំគ្នាថែរក្សាការពារសុខសន្តិភាពនិង ស្ថេរនយោបាយឲ្យបានស្ថិតស្ថេរនិងគង់វង្សដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យយើងទទួលបានការរីកចម្រើនថ្មីៗបន្ថែមទៀត។
ទោះជាយ៉ាងនេះក៏ដោយនៅក្នុងឱកាសនោះដែរឯកឧត្ដមបានអំពាវនាវឲ្យមន្ត្រីថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តការខិតខំបម្រើនិងផ្ដល់សេវាសាធារណៈជូនប្រជាជនឲ្យបានល្អសក្តិសមជាអ្នកបម្រើប្រជាជនពិតៗហើយត្រូវលះបង់ភាពឆ្មើងឆ្មៃនៅក្នុងការបំពេញការងារ។
ជាមួយនេះដែរឯកឧត្ថម ជា ចាន់តូក៏បានជម្រុញដល់ថ្នាក់ដឹកនាំស្រុក ឃុំ យកចិត្តទុកដាក់លើកការពង្រីកនិងកសាងកម្លាំងយុវជនដែលជាអ្នកបន្តវេនផងដែរក្នុងនោះត្រូវផ្ដល់អាទិភាពដល់កម្លាំងយុវជនជាស្ត្រីឲ្យបានច្រើន៕
រក្សាសិទ្ធិដោយ៖CEN