ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។ បន្ទាប់ពីទទួលវ៉ាក់សាំងរួច សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
បច្ចុប្បន្ន ប្រទេសចិនបានផលិតចេញនូវវ៉ាក់សាំង២ប្រភេទ ដើម្បីបង្ការជំងឺកូវីដ១៩ ក្នុងនោះមាន វ៉ាក់សាំងស៊ីណូហ្វាម ( Sinopharm) ដែលផលិតដោយរដ្ឋាភិបាល និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech Ltd។ មកទល់ពេលនេះ មានប្រទេសយ៉ាងហោចចំនួន១៦ហើយ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ។ ក្នុងនោះ វ៉ាក់សាំងរបស់ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៉ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំងរបស់ Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ ប្រេស៉ីល ឥណ្ឌូណេស៉ី តួកគី ឈីលី កូឡុំប៊ី និង អាស៊ែបៃហ្សង់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ