ភ្នំពេញ ៖ បុរសម្នាក់រួមអ្នកដំណើរបើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន បានបួងង្កូតជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់២កង់ ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចផ្នែកពីខាងមុខស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី៨ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីអ្នកមីងម្នាក់នៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខព្រះសីហនុ2-AZ 07 71 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ៣នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបួងចង្កូតជ្រុលទៅបុកនិងរបាំងថ្មរពុះចែកទ្រូងផ្លូវបាក់អស់២កង់។ ចំណែកតៃកុងរថយន្តនិងអ្នករួមដំណើរបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌ៧មករា ចុះមកដល់រួចប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុង វាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត