ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាពក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន លើមាត្រាទី៣ នៃជំពូកទី១ ស្ដីពីបទប្បញ្ញត្តិទូទៅ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា និងក្រសួង-ស្ថាប័ន្ធ ពាក់ព័ន្ធជា ច្រើនរូបទៀតផងដែរ។
នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាបច្ចេកវិទ្យាមានការរីកចម្រើន ហើយរហូតមកដល់ពេលនេះ នៅលើពិភពលោករួមទាំងកម្ពុជាផងដែរនោះ បានប្រើប្រាស់ដ្រូននៅក្នុងសេវាកម្ម កសិកម្ម សិល្បៈ និងផ្នែកព័ត៌មានជាដើម។
ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា សម្រាប់នៅប្រទេសកម្ពុជាបញ្ហាដ្រូនអត់ទាន់មានច្បាប់គ្រប់គ្រងនៅឡើយទេ ដោយសារកម្ពុជាបានពិនិត្យឃើញថា ដ្រូនមានផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ សង្គម និងកម្សាន្ដ ប៉ុន្ដែក៏ធ្វើឲ្យប៉ះពាល់ទៅដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះហើយបានជាក្រសួងមហាផ្ទៃ ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីរៀបចំអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននេះឡើង ដើម្បីធ្វើយ៉ាងគ្រប់គ្រងឲ្យបាននូវសន្ដិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តម បន្ដថា ក្រុមការងារ ក៏បានគោរពសុំគោលការណ៍ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ហើយក្រុមជំនាញរបស់ក្រសួងមហាផ្ទៃ ក៏បាន និងកំពុងធ្វើការសិក្សាស្រាវជ្រាវចំពោះអនុក្រឹត្យនេះផងដែរ។ ឯកឧត្តម បន្ថែមថា នៅបណ្ដាប្រទេសមួយចំនួនគេមានច្បាប់គ្រប់គ្រងដ្រូន ហើយក្រុមការងារ ក៏បានពិនិត្យបទដ្ឋានគតិយុត្តនានា ទាំងនៅអាស៊ាន និងតំបន់អឺរ៉ុប ដូចជា ថៃ ចិន ជប៉ុន ជាដើម ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅក្នុងកាលៈទេសៈប្រទេសកម្ពុជា មិនទាន់មានបទដ្ឋានគតិយុត្តណាមួយគ្រប់គ្រងនៅឡើយ។
ជាងនេះទៅទៀត ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ក្រុមការងាររៀបចំអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន បានប្រជុំ និងពិនិត្យ នាពេលកន្លង បានចំនួន៣១លើក។ ឯកឧត្តម បញ្ជាក់ថា ដោយឡែក កិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សានាពេលនេះ គឺជាលើកទី១។
សូមជម្រាបថា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មាន៨ជំពូក និង៣៧មាត្រា។ ដោយអនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់ អាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាពិសេសអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តន៍ចំពោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ