Friday, November 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ ខួបលើកទី២២ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងអបអរសាទរខួបលើក​ទី ២២​ នៃ «របាំព្រះរាជទ្រព្យ» ដែលត្រូវបានដាក់​បញ្ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣។

តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃសុក្រនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានថ្លែងបន្តទៀតថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ គឺជាទម្រង់របាំសក្ការ: ដ៏ពិសិដ្ឋ​ ប្រកបដោយ​កាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេក ជាមួយ​ក្បាច់​ចម្លាក់​ដែល​បង្កប់​ទៅ​ដោយ​អត្ថន័យ​យ៉ាងជ្រាល​ជ្រៅ​។ របាំនេះ ជាប្រភេទរបាំ ដែលនាដការ ត្រូវ​ពត់​ពេន​ រេវាំ​ និងបញ្ចូល​មនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាម​សាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុម ចម្រៀងជាពួក ដោយមាន​វង់ភ្លេងពិណពាទ្យប្រគំអម​។ ពលរដ្ឋខ្មែរ បានចាត់ទុក «របាំព្រះរាជទ្រព្យ» ជាទ្រព្យសម្បត្តិ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា តែមួយគត់ ដែលបានថែរក្សា អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។

សូម​កុលបុត្រ​ កុលធីតាខ្មែរ​គ្រប់​រូប បន្តចូល​រួម​ថែរក្សា លើក​តម្កើងមរតកដ៏មានតម្លៃ កាត់ថ្លៃពុំ​បាននេះ​ ​​ដើម្បីឱ្យ​ដួងព្រលឹងនៃរបាំ​ព្រះ​រាជទ្រព្យ​នៅ​តែដក់ជាប់ក្នុងដួងចិត្តរបស់​ប្រជាជនយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×