ភ្នំពេញ៖ សិក្ខាកាមនិស្សិតចៅក្រមជំនាន់ទី១០នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន៥៥នាក់ ដែលត្រូវនឹងរៀនបញ្ចប់ខាងមុខនេះ បានចុះធ្វើកម្មសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ការងារជាក់ស្តែង លើការងារយុត្តិធម៌របស់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងអនុវត្តជាក់ស្តែងរាល់ថ្ងៃដើម្បីបង្កើនសមត្ថភាព និងលើកកម្ពស់ចំណេះដឹងនៅក្នុងការផ្តល់សេវាយុត្ថិធម៌ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងយុត្តិធម៌។
នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានរៀបចំពិធីសំណេះសំណាល និងទទួលសិក្ខាកាមនិស្សិតចៅក្រមជំនាន់ទី១០ដែលប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ប៊ុន យ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកិត្តិយស និងស្វាគមន៍ក្នុងការសហការជាមួយលោកគ្រូដឹកនាំនិស្សិត និងសិក្ខាកាមនិស្សិតចៅក្រមផ្ទាល់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះធ្វើកាមសិក្សារបស់និស្សិតចៅក្រមជំនាន់ទី១០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដំណើរការទៅជោគជ័យនិងទួលបានចំណេះដឹងពិតប្រាកដ។
លោកឧត្តមសេនីយ៍ទោ ស្នងការរង បានលើកឡើងទៀតថា ពាក់ព័ន្ធនិងការងារយុត្តិធម៌ដែលនគរបាលយុត្តិធម៌ ជាពិសេសនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងកម្រិតស្រាល ដែលកំពុងអនុវត្តរាល់ថ្ងៃវាមានភាពស្មុគស្មាញ នឹងមានលក្ខណៈខុសប្លែកខ្លះពីការរៀនទ្រឹស្តីនៅក្នុងសាលា។ រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរឿងស្មុគស្មាញជាច្រើនកើតឡើង ដែលនគរបាលយុត្តិធម៌នៃរាជធានីភ្នំពេញចេញដោះស្រាយ។ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ គឺសិក្ខាកាមនិស្សិតចៅក្រមបើមានចម្ងល់ចំណុចណាមួយ ត្រូវសួរពិភាក្សាជាមួយក្រុមការងារដើម្បីឱ្យប្អូនៗនិស្សិត បានចំណេះដឹងយកទៅសរសេរនិក្ខេបបទក្នុងការត្រៀមឡើង ការពារបញ្ចប់ការសិក្សារៀនសូត្រ។
លោក ប៊ុន យ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការបានលើកឡើង និងសូមថ្លែងអំណរគុណឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានអនុញ្ញាតនិងសម្រួលឱ្យនិស្សិតចៅក្រមជំនាន់ទី១០ មកចុះធ្វើកាមសិក្សាដកស្រង់បទពិសោធន៍ការងារជាក់ស្តែង របស់មន្ត្រីនគរបាលយុត្តិធម៌នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដំណើរការទៅរលូន។ការងារចុះមកធ្វើកាមសិក្សានេះ គឺមានគោលបំណង២ដែលនិស្សិតចៅក្រមត្រូវស្វែងយល់ក្រេបយកចំណេះដឹង នៃការអនុវត្តជាក់ស្តែងនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិព្រហ្មទណ្ឌពីព្រោះនិស្សិតរៀននៅក្នុងសាលាភាគច្រើនរៀនទ្រឹស្តី។ មួយវិញទៀតក្រេបយកចំណេះដឹងរបៀបសរសេររបាយការណ៍ នូវអ្វីដែលយើងបានក្រេបចំណេះដឹងនៅទីនេះ ដើម្បីយកមកប្រៀបធៀបរវាងការអនុវត្តជាក់ស្តែង និងទ្រឹស្តីដែលរកឃើញអ្វីមួយថ្មីល្អយើងអាចយកទៅជំនួយការអនុវត្តនិងដឹកនាំ។
សូមបញ្ជាក់ថា សិក្ខាកាមនិស្សិតចៅក្រមជំនាន់ទី១០ គ្រោងចុះធ្វើកម្មសិក្សានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរយៈពេល០៤ថ្ងៃដោយមានការសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងកម្រិតស្រាល ដោយសិក្សារៀនសូត្រអំពីតួនាទីភារកិច្ចនគរបាលយត្តិធម៌ និងការសហការអនុវត្តសាលក្រមនិងសាលដីកាតុលាការ៕ រក្សាសិទ្ធិដោយ: ចេស្តារ