Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​នៅ​កម្ពុជា ចាប់ផ្ដើម​សាជាថ្មី ​ក្រោយ​អាក់ខាន​មួយរយៈ​ដោយសារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ ៖ នៅ​កម្ពុជា កុមារ​ប្រមាណ ២៨​ម៉ឺន​នាក់ ដែល​រៀន​នៅ​សាលា​ចំនួន ១.១១៣ កន្លែង នៅក្នុង​ខេត្ត​ចំនួន ១០ ខកខាន​ពុំបាន​ទទួល​អាហារ​ប្រកបដោយ​អាហារូបត្ថម្ភ ដែល​ផ្ដល់​ដោយ​មិន​គិតថ្លៃ​ឱ្យ​ពួកគេ​នៅ​សាលារៀន ក្នុងអំឡុងពេល​មានការ​បិទ​សាលា​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​ទិន្នន័យ​បាន​ពី​ការវាយតម្លៃ​រួមគ្នា​លើ​តម្រូវ​ការអប់រំ ក្នុងអំឡុងពេល​មាន​កូ​វីដ​១៩ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រុមការងារ​វិស័យ​អប់រំ បាន​បង្ហាញថា បច្ចុប្បន្ននេះ កុមារ ៤០% ញុំ​ា​អាហារ​ប្រចាំថ្ងៃ​ក្នុង​បរិមាណ​តិចជាង​មុន បើ​ធៀប​នឹង​មុនពេល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។ ក្នុងចំណោម​កុមារ​ទាំងនេះ មាន​ជាង ៥០% មកពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ និង​ជា​អ្នក​ពឹង​ផ្អែកលើ​ប្រព័ន្ធ​គាំពារ​សង្គម​។

​ការសិក្សា​វាយតម្លៃ​លើ​ផលប៉ះពាល់​ផ្នែក​សង្គម​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​ផងដែរ​ថា បើទោះជា​ភាព​អាចមាន ឬ​រកបាន​ស្បៀង​ពុំបាន​ទទួលរង​ផលប៉ះពាល់​ធំដុំ​ក៏ដោយ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ត្រូវបាន​កាលៈទេសៈ​សេដ្ឋកិច្ច​បង្ខំ​ឱ្យប្រើ​ប្រាស់​យុទ្ធ​ស្រា​ស្ត្រ​ទប់ទល់​ផ្សេងៗ ដូចជា​ខ្ចី​អាហារ​ពី​អ្នកដទៃ កាត់បន្ថយ​បរិមាណ​អាហារ​បរិភោគ និង​ពឹង​អាស្រ័យ​ខ្លាំង​ជាង​មុន​លើ​ជម្រើស​អាហារ​មានតម្លៃ​ថោក និង​មិនសូវមាន​អាហារូបត្ថម្ភ​។ ជា​ភ័ព្វសំណាង កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ទន្ទឹម​ពេលដែល​សាលារៀន​នៅ​កម្ពុជា​បាន​បើក​ដំណើរការ​ជាថ្មី កាលពី​ដើមខែ​នេះ ដោយ​កម្មវិធី​នេះ​នឹងត្រូវ​ចាប់ផ្ដើម​ជា​ដំណាក់កាលៗ នៅ​គ្រប់​សាលារៀន​ទាំងអស់ ដែល​កំពុង​អនុវត្ត​កម្មវិធី​ផ្ដល់​អាហារ ក្រោម​ការគាំទ្រ​ពី​រាជ​រដ្ឋា​បាល និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅត្រឹម​ខែមីនា ឆ្នាំ​២០២១ ។​

​យូ​នី​សេ​ហ្វ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ស្វាគមន៍​ចំពោះ​ការចាប់ផ្ដើម​ដំណើរការ​កម្មវិធី​ផ្ដល់​អាហារ​សាលារៀន​ជាថ្មី ស្របពេល​នឹង​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ ។

​លោកស្រី ក្លែ​រ ខូ​ណាន់ តំណាង និង​ជា​នាយិកា​អង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​កត់សម្គាល់ថា​“​កម្មវិធី​សុខភាព និង​អាហារូបត្ថម្ភ ដែល​អនុវត្ត​នៅតាម​សាលារៀន បាន​កាត់បន្ថយ​ភាពអត់ឃ្លាន និង​ជាការ​លើកទឹកចិត្ត​ដ៏​មាន​ឥទ្ធិពល ដើម្បីឱ្យ​កុមារ​វិល​ត្រឡប់មក​សាលារៀន​វិញ​។ កម្មវិធី​នេះ​កាន់​តែមាន​លក្ខណៈពិសេស​ទៅទៀត សម្រាប់​កុមារ​ងាយ​រងគ្រោះ ដែល​ភាគច្រើន​ពឹង​អាស្រ័យ​លើ​អាហារ​ដែល​ផ្ដល់​នៅតាម​សាលារៀន និង​មាន​ជម្រើស​សិក្សា​នៅផ្ទះ​តិចតួច ” ។
​លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​បច្ចុប្បន្ន សាលារៀន​បើក​ដំណើរការ​ជាថ្មី ដូច្នេះ​វា​ជាការ​សំខាន់​ណាស់ ដែល​កម្មវិធី​គាំទ្រ​អាហារូបត្ថម្ភ​នៅតាម​សាលារៀន ត្រូវបាន​ដំណើរការ​ឡើងវិញ​ផងដែរ​។ ខណៈដែល​ការអនុវត្ត​វិធានការ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​កូ​វីដ​១៩ គួរតែ​នៅ​បន្តធ្វើ សាលារៀន​ជា​កន្លែង​ផ្ដល់នូវ​ឱកាស​ប្រសើរ​បំផុត​សម្រាប់​ជួយ​ដល់​កុមារ ជាពិសេស​កុមារ​តូចៗ ដើម្បីឱ្យ​ពួកគេ​មាន​ទម្លាប់​ញ៉ាំ​អាហារ ដែល​ជួយ​ទ្រទ្រង់​សុខភាព​ឱ្យបាន​មាំមួន ដែល​ទម្លាប់​បែបនេះ​អាច​នៅ​ជាមួយ​ពួកគេ​ពេញ​មួយជីវិត​។ ការអប់រំ​អំពី​អាហារូបត្ថម្ភ និង​ការផ្ដល់​អាហារ​នៅតាម​សាលារៀន គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ឱ្យ​កុមារ​មាន​សុខភាព​មាំមួន និង​រៀនសូត្រ​កាន់តែ​ពូកែ​”​។​

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​នឹង​កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាល​នៅ​ទូទាំង​សកលលោក ក្នុង​ការកែ​សម្រួលការ​អនុវត្ត​កម្មវិធី​ផ្ដល់​អាហារ​តាម​សាល​រៀន ក្នុងអំឡុង​ពេលដែល​សាលារៀន​ត្រូវ​បិទទ្វារ​បង្កដោយ​ការឆ្លង​រាតត្បាត​ជាស​កល​នេះ​។ នៅ​កម្ពុជា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​សហការ​ជា​ដៃគូ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បន្ត​ផ្ដល់​ការឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​មកពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ជាងគេ​ចំនួន ៩​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្ដល់​របប​អាហារ​សម្រាប់​ឱ្យ​ពួកគេ​យកទៅ​ផ្ទះ ក្នុងអំឡុង​ពេលដែល​សាលារៀន​បិទទ្វារ ។ យូ​នី​សេ​ហ្វ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ក៏បាន​សហការ​ជាមួយ​ក្រសួង ក្នុង​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ ប្រកបដោយ​សុវត្ថិភាព តាមរយៈ​ការផ្សព្វផ្សាយ​សារ​អប់រំ​អាហារូបត្ថម្ភ ដល់​លោកគ្រូ អ្នកគ្រូ មាតាបិតា និង​សិស្សានុសិស្ស ។

​យូ​នី​សេ​ហ្វ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទូទាំង​សកលលោក​បើក​ដំណើរការ និង​បន្ត​បើក​សាលារៀន ដោយមាន​ការអនុវត្ត​វិធានការ​ការពារ​ពី​ជំងឺ​កូ​វីដ​១៩​ឱ្យបាន​សមស្រប ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នេះ ហើយ​ក្នុងពេល​ជាមួយគ្នា​ធានាឱ្យមាន​ការឆ្លើយតប​ចំពោះ​តម្រូវការ​សុខភាព តម្រូវការ​អាហារ និង​តម្រូវការ​អាហារូបត្ថម្ភ​របស់​កុមារ តាមរយៈ​ការអនុវត្ត​កម្មវិធី​អាហារូបត្ថម្ភ នៅក្នុង​សាលារៀន​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​គុណភាព​៕ រក្សា​សិទ្ធិ ដោយៈ ចេស្តារ​

×