Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រៀបចំ​សិក្ខា​ផ្សាយ​ស្តីពី​“​ទម្រង់​គំរូ​និង ការដាក់​បង្ហាញ​សាលក្រម​/​សាលដីកា​”

​ភ្នំពេញ​៖​សិក្ខាសាលា​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​សិក្ខាសាលា​ជុំ​ទី ៥ ស្តីពី​“​ទម្រង់​គំរូ និង​ការដាក់​បង្ហាញ​សាលក្រម​/​សាលដីកា​” ដែល​បាន​រៀបចំឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង “​អភិវឌ្ឍ​វិស័យ​ច្បាប់​និង​យុត្តិធម៌​ដំណាក់កាល​ទី​៥ ក្រោម​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​ជប៉ុន​(JICA)​និង​ក្រសួង យុត្តិធម៌​។

​សិក្ខាសាលា​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨​ខែកុម្ភៈ ឆ្នាំ​២០២១ រហូតដល់ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ដោយមាន​ការចូលរួម ពី​ជំនាញការ JICA ប្រចាំ​ក្រសួង យុត្តិធម៌ និង​មាន​សិក្ខាកាម​ជា​ចៅក្រម នៃ​តុលាការ​កំពូល​សាលាឧទ្ធរណ៍​និង​សាលា ដំបូង​រាជធានី​-​ខេត្ត និង មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន​ផ្សេងទៀត​។

​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​ទម្រង់​គំរូ និង​ដាក់​បង្ហាញ សាលក្រម /​សាល ដីកា​ក៏ដូចជា​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ចៅក្រម និង​មន្ត្រី​អនុវត្ត​ច្បាប់ លើ​បទ​ប្បញ្ញត្តិ នៃ​ក្រម រដ្ឋប្បវេណី និង​ក្រមនីតិវិធី​រដ្ឋប្បវេណី ដោយ​ផ្តោត ជា សំខាន់​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង ទី​១-​បញ្ញត្តិ ទាក់ទង​ទៅនឹង​ការបែងចែក​ទ្រព្យសម្បត្តិ​នៅក្នុង​រឿងក្តី​លែងលះ​,​ទី​២-​ចំណុច​សំខាន់ៗ​នៃ​បទ​ប្បញ្ញត្តិ​នៃ​ក្រមនីតិវិធី​រដ្ឋប្បវេណី​និង​ទី​៣-​ទម្រង់ គំរូ​នៃ រឿងក្តី លែងលះ​។​

​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ទម្រង់​គំរូ​និង​ការដាក់​បង្ហាញ​សាលក្រម​/​សាលដីកា គឺជា​ជំហាន​វិ​វត្ត​ថ្មី​មួយ ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​ក្នុង គោលបំណង​សំខាន់ៗ​ចំនួន​៤ ។​
​ទី​១-​ធានា​នូវ​ឯកភាព និង​សង្គតិភាព​នៃ​ឯក សារ​នានា​ដែល​ត្រូវ​ប្រើប្រាស់​ជា​ស្តង់ដារ​រួម​លើ ទម្រង់​នៃ​សេចក្តីសម្រេច​។​ទី​២-​បង្កើន​ការយកចិត្តទុកដាក់រ​បស់​ចៅក្រម ក្នុង ការរៀបចំ​តាក់តែង សេចក្តីសម្រេច​ឱ្យបាន​ត្រឹមត្រូវ​និង​ប្រកបដោយ​គុណភាព​។​ទី​៣-​ជា​មូល ដ្ឋា​ន​នៃ​ការសិក្សា​ស្រាវជ្រាវ សម្រាប់​ជា​ប្រយោជន៍​ដល់​ចៅក្រម​មន្ត្រី​អនុវត្ត​ច្បាប់​អ្នកសិក្សា​ច្បាប់ និង​ប្រជាពលរដ្ឋ​ទូទៅ និង ទី​៤-​ផ្តល់​ភាព ងាយស្រួល ដល់ ប្រជាពលរដ្ឋ​ទូទៅ សម្រាប់​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ដូចជា​ទម្រង់​គំរូ នៃ​ពាក្យបណ្តឹង​៕ រក្សា​សិទ្ធិ​ដោយ ៖ CEN​

×