ភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់។ ចំណែកតៃកុងរថយន្តវិញ រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង១និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2-BH6940 ធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សរងការខូចខាតរថយន្តផ្នែកខាងមុខទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់ទីតាំងកន្លែងកើតហេតុ
រួចប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងចរាចរណ៍ក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត