Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​ខេត្តក្រចេះ ដោះលែង​សកម្មជន​ការពារ​ព្រៃឈើ ៥​រូប​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​

​ក្រចេះ ៖ អង្គការ​អាដហុក បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៩ និង​៤៥​នាទី ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​រួច សកម្មជន​ការពារ​ព្រៃឈើ ៥​រូប ត្រូវ​សាលាដំបូង​ខេត្តក្រចេះ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​

​ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១២: ៤០ នាទី សកម្មជន​ការពារ​ព្រៃឈើ​ចំនួន ៥ រូប មាន​លោក អ៊ួ​ច ឡេង លោក ហេង ស្រស់ លោក ម៉ាន ម៉ាត់ លោក ហេង រ៉ុ​ន និង​លោក តង ជាង និង​សហគមន៍​ចំនួន ៥ នាក់​ទៀត ត្រូវបាន​មន្ត្រី​អភិរក្ស​បរិស្ថាន ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​អូ​ស៊ែ​វ ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។ មូលហេតុ​នៃ​ការឃាត់ខ្លួន​នេះ យើង​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​សហគមន៍​ថា ដោយសារតែ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​ទាំងនេះ បាន​ចូលទៅ​ធ្វើ​សកម្មភាព​ដាក់​ស្លាក​ជា​ពាក្យស្លោក​លើ​ដើមឈើ ក្នុងន័យ​ឱ្យមាន​ការបញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ចូលរួម​ក្នុងការ​ការពារ​ព្រៃឈើ​ជា​សម្បត្តិ​ដូនតា​យើង ។ បន្ទាប់ពី​មានការ​ឃាត់ខ្លួន​ភ្លាមនោះ មន្ត្រី​ជំនាញ​ក៏​បានឱ្យ​សកម្មជន​ការពារ​ព្រៃឈើ ដែលជា​សហគមន៍​ចំនួន ៥ នាក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ដើរ​តាម​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​មកពី​ខាងក្រៅ​មូលដ្ឋាន​របស់ខ្លួន​ផងដែរ ។ ចំណែកឯ សកម្មជន​ចំនួន ៥ នាក់​ទៀត ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​បញ្ជូន​ពួកគាត់​មក​មន្ទីរ​បរិ​ស្ថាន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​នៃ​ដំណើរ​រឿងនេះ កាលពី​វេលា​ម៉ោង​វេលា​ម៉ោង ៣ រសៀល រហូតដល់​ម៉ោងជាង​៥​ល្ងាច សកម្មជន​ទាំង ៥ នាក់ ត្រូវបាន​បញ្ជូន​មកឃាត់​ខ្លួន​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ។ លុះ​នៅ​ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១០ ព្រឹក ត្រូវបាន​មន្ត្រី​បរិស្ថាន​នាំ​ពួកគាត់​ទៅធ្វើ​ការសាកសួ​រ​នៅ​មន្ទីរ​បរិស្ថាន ហើយ​ការសាកសួរ​នេះ​ត្រូវបាន​បន្ត​រហូត​រហូត​ដល់​វេលា​ម៉ោង ៥:២៥ នាទី ល្ងាច​ទើបត្រូវ​បានបញ្ចប់​ការសាកសួរ​ពួកគាត់ ហើយ​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​បន្តទៀត ។ ក្នុងនោះដែរ យើង​ក៏​ឃើញ​មានការ​ឃ្លាំមើល​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន និង​ក្រុម​បណ្តាញ​សកម្មជន​យុវជន​ស្រលាញ់​បរិស្ថាន​ផងដែរ និង​មាន​មេធាវី​ការពារ​ក្តី​ជូន​សកម្មជន​ទាំង​៥​រូប ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ ។ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១២:២៥ នាទី នេះ សកម្មជន​ការពារ​ព្រៃឈើ​ទាំង​៥​រូប ត្រូវបាន​មន្ត្រី​បរិស្ថាន បញ្ជូនមក​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី បន្ទាប់ពី​ឃាត់ខ្លួន​គ្រប់​៤៨​ម៉ោង ។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង លោក អ៊ូច ឡេង និង​លោក ម៉ាន ម៉ាត់ ជា​សកម្មជន​ការពារ​ព្រៃឈើ ត្រូវបាន​ឃាត់ខ្លួន​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ ជាមួយ​សកម្មជន​២​រូប​ទៀត​គឺ​លោក ឃេ​ម សុ​ឃី និង​លោក ស្រី ថី សកម្មជន​ការពារ​ព្រៃ​ឡង់ ខេត្តព្រះវិហារ ដែល​ត្រូវបាន​សន្តិសុខ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​ឃាត់ខ្លួន​នៅ​គ្រា​ដែល​សកម្មជន​ការពារ​ព្រៃឈើ​ទាំងនោះ ចុះ​ស៊ើបអង្កេត​លើ​ការ​អាជីវកម្ម​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ រួច​ប​ញ្ជួ​ន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ ។ បន្ទាប់ពី​ការឃាត់ខ្លួន សកម្មជន​ព្រៃឈើ​ទាំងនោះ ត្រូវបាន​ដោះលែង​វិញ ដោយ​ធ្វើ​កិច្ចសន្យា តម្រូវឱ្យ​លោក អ៊ូច ឡេង ទៅ​ចុះបញ្ជី​អង្គការ​នៅ​ក្រសួង​ជាមុនសិន មុន​នឹងធ្វើ​សកម្មភាព​បន្តទៀត ខណៈ​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន រួមទាំង​ព្រះសង្ឃ នាំគ្នា​ធ្វើ​យុទ្ធនាការ កាន់​បដា នៅមុខ​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំងនោះ​ដោយ​ឥត​លក្ខខណ្ឌ​។​

​នៅវេលា​ម៉ោង​៩ និង​៤៥​នាទី ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​រួច សកម្មជន​ការពារ​ព្រៃឈើ ៥​រូប ត្រូវ​សាលាដំបូង​ខេត្តក្រចេះ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×