ភ្នំពេញ៖ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ការបញ្ជូនខ្លួនជនសង្ស័យធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១ បានធ្វើការចាប់បញ្ជូនខ្លួនបុរសជនជាតិកាមេរ៉ូនម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងបទល្មើស ឆបោកប្រាក់ថៅកែខ្មែរលក់រថយន្តយកប្រាក់បាន២ម៉ឺនដុល្លារជនសង្ស័យឈ្មោះ Bangha calestu nyodeh ហៅ Joa អាយុ៣២ឆ្នាំ ជនជាតិកាមេរ៉ូន ។
ចំពោះការឃាត់ខ្លួនសមត្ថកិច្ចបាន យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ណាង វណ្ណៈ ជាថៅកែទិញ លក់រថយន្តនៅផ្សារដីហុយ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានលើកឡើងថាតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះលោក ណាង វណ្ណៈ បញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ មានជនជាតិកាមេរ៉ូន២នាក់បានទំនាក់ទំនងជាមួយខ្លួនតាមរយៈ តេឡេក្រាម ដើម្បីនាំរថយន្តពីសហរដ្ឋអាមេរិកមកលក់នៅកម្ពុជា ដោយសាររថយន្តនៅអាមេរិកលក់ថោកៗ ហើយពួកគេមានបងប្អូននៅទីនោះ ចេះមើលរថយន្ត បើខ្លួនសហការរកស៊ីជាមួយពួកគេនឹងបានចំណេញច្រើន ។
សមត្ថកិច្ចបន្តថាក្រោយមកពួកគេក៏បានឯកភាពគ្នារកស៊ីជាមួយគ្នា លុះដល់ថ្ងៃទី ២៥ខែមករា ឆ្នាំ២០២១ ឈ្មោះ mourice និងjoa បានមកដល់ផ្ទះរបស់ខ្លួនដោយប្រាប់ថាពួកគេបានរៀបចំឯកសារដើម្បីបញ្ជូនរថយន្តចំនួន២កុងថែន័រមកហើយ អោយដាក់ប្រាក់កក់៥ម៉ឺនដុល្លារមក ។
សមត្ថកិច្ចលើកឡើងទៀតថាពេលនោះឈ្មោះ ណាង វណ្ណៈ បានព្រមអោយប្រាក់កក់ចំនួន២ម៉ឺនដុល្លារសិន ពេលបំពេញបែបបទរួចសឹមអោយគ្រប់។ចាប់តាំងពីបានប្រាក់២ម៉ឺដុល្លារមក ការទំនាក់ទំនងគ្នាលែងបានទាំងស្រុងពោលគឺបុរសស្បែកខ្មៅទាំង២នាក់រត់គេចខ្លួនតែម្ដង ។ បច្ចុប្បន្នអយ្យការកំពុងសាកសួរជនជាប់ដើម្បីចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ៖CEN