ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានីភ្នំពេញ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ប្រវត្តិផ្ទៃក្រឡាត្រួសៗ របស់រាជធានីភ្នំពេញ៖
១. ឆ្នាំ២០០៦ មានទំហំ ៣៨៥គម2 មាន ៧ខណ្ឌ ៧៦សង្កាត់។
២. ឆ្នាំ២០០៩ មានទំហំ ៣៧៧,៤៦គម2 មាន៨ខណ្ឌ ៧៦សង្កាត់។
៣. ឆ្នាំ២០១២ មានទំហំ ៦៧៨,៤៦គម2 មាន៩ខណ្ឌ ៩៦សង្កាត់។
៤. ឆ្នាំ២០១៧ មានទំហំ ៦៩២,៤៦គម2 មាន១២ខណ្ឌ ១០៥សង្កាត់។
៥. ឆ្នាំ២០១៩ មានទំហំ ៦៩២,៤៦គម2 មាន១៤ខណ្ឌ ១០៥សង្កាត់។
៦. ឆ្នាំ២០២១ អាចឡើងដល់ ៦៩៥,៤៩គម2 (ក្រោយពីកាត់ពីក្រុងតាខ្មៅ ខេត្តកណ្ដាលលើកនេះ) មាន១៤ខណ្ឌ ១០៥សង្កាត់។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះគឺដើម្បីធ្វើការប្រកាសផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយរដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយកន្លងមក រាជធានីភ្នំពេញបានស្នើឲ្យមានការកែសម្រួលព្រំប្រទល់នេះ។
ឯកឧត្តម បានបន្តថា រាជធានីភ្នំពេញ ក៏បានស្នើមកក្រសួងមហាផ្ទៃ បន្ទាប់មក ក្រសួងមហាផ្ទៃក៏បានបង្កើតក្រុមការងារត្រួតពិនិត្យលើកិច្ចការងារនេះ និងដាក់សំណើទៅកាន់រាជរដ្ឋាភិបាល ហើយ ក្នុងខែតុលា ឆ្នាំ២០២០កន្លងមក ប្រមុខរដ្ឋស្ដីពីបានចុះហត្ថលេខាលើព្រះរាជក្រឹត្យស្ដីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនេះ។
ឯកឧត្តម អគ្គនាយករដ្ឋបាល បានបន្ថែមថា ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះគឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីឲ្យការអភិវឌ្ឍតំបន់នេះប្រកបដោយសោភណ្ឌភាព និងរបៀបរៀបរយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រោយពីមានការផ្ទេរសិទ្ធិគ្រប់គ្រង និងការទទួលខុសត្រូវរវាងរដ្ឋបាលខណ្ឌនេះ គឺមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកទទួលសេវាកម្ម ហើយការផ្ដល់សេវាកម្មទៅកាន់ប្រជាពលរដ្ឋ គឺជាចំណុចគន្លឹះដែលរដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានរលូន និងស្របតាមគោលការណ៍កំណត់។
ក្នុងនោះផងដែរ ឯកឧត្តម ប្រាក់ សំអឿន បានស្នើឲ្យសង្កាត់ ខណ្ឌ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលដែលមានការកែសម្រួលព្រំប្រទល់នេះ ត្រូវបន្តអនុវត្តការផ្ទេរឯកសារដែលនៅសេសសល់ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានភាពជាក់លាក់ ហើយត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមភូមិ សង្កាត់ទាំងនោះឲ្យបានទូលំទូលាយ។ ឯកឧត្តម ក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធរួមគ្នាយកចិត្តទុកដាក់បន្ថែមលើការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងជាពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបជូនបន្ថែមទៀតថា ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១០២០/១១០៨ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ប្រមុខរដ្ឋស្ដីទីបានសម្រេចកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយកាត់យកភូមិចំនួន០៥គឺ ភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឬស្សី, ភូមិព្រែកតាឡុង នៃសង្កាត់តាក្ដុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល មកឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់យកផ្ទៃដីទំហំ០២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ