Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត បាន​នឹង​កំពុង​ក្លាយជា​ដៃគូ​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ វិមជ្ឈការ និង​វិសហមជ្ឈការ

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ទាំងអស់ បាន នឹង​កំពុង​ក្លាយជា​ដៃគូ​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក​ក្នុង​គោលនយោបាយ វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ការ​ជាតិ​លើក​ទី​២ អាណត្តិ​ទី​២ របស់​សមាគមជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក​ដែរ សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​សមាគម​អាជ្ញាធរ​មូលដ្ឋាន គឺជា​ស្ថាប័ន​ឯករាជ្យ ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​សមាជិក​ខ្លួន ដែលជា​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ឬ​អាជ្ញាធរ​មូលដ្ឋាន​។​

​សម្ដេច​ក្រឡាហោម បាន​បន្ដថា ជារួម សមាគម​ទាំងនេះ​មាន​តួនាទី​សំខាន់​ក្នុងការ​ចូលរួម និង ផ្តល់​មតិយោបល់​ជូន​រដ្ឋាភិបាល ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ​នៅក្នុង​កិច្ចដំណើរការ​រៀបចំ និង​អនុវត្ត​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ធានា​ដល់​ការការពារ​សិទ្ធិអំណាច​ស្របច្បាប់ របស់​សមាជិក​នៃ​សមាគម​ដែលជា​តំណាង​ឲ្យ​សម្លេង និង​ផល ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នីមួយៗ​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា «​ក្នុងនាម​រាជរដ្ឋាភិបាល ក្នុងនាម គ​.​ជ​. អ​.​ប និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា សមាគមជាតិ​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ បាន និង​កំពុង​ក្លាយជា​ដៃគូ​ដ៏ សំខាន់ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួមចំណែក និង​គាំទ្រ​ដល់​ការបន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​ឈាន​ចូលទៅ​ដំណាក់​កាលដែល​ត្រូវអនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​»​។​

​បន្ថែម​ពីនេះ​ទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើងថា ក្នុងការ​អនុវត្ត​តួនាទី​ដ៏​មាន​សារៈសំខាន់​នេះ សមាគម​នីមួយៗ តែងតែ​ប្រមូល​ចងក្រង​នូវ​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត ឬ​ការរំលោភបំពាន​សិទ្ធិអំណាច​ស្របច្បាប់​របស់​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ឬ​អាជ្ញាធរ​មូលដ្ឋាន និង​ព័ត៌មាន​ពាក់ព័ន្ធ នឹង​មេរៀន​បទពិសោធន៍​ល្អៗ គំនិត​ផ្តួចផ្តើម​ប្រកបដោយ​នវានុវត្តន៍​នៅតាម​មូលដ្ឋាន ព្រមទាំង​ភាពជោគជ័យ​នៃ​ការ​អនុ វត្ត​ការងារ​របស់​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ឬ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការចូលរួម និង​ផ្តល់​មតិយោបល់​ជូន​រដ្ឋា​បា​ភិ​បាល ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ ផងដែរ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​បញ្ជាក់ថា សមាគម​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ឬ​សមាគម​អាជ្ញាធរ​មូលដ្ឋាន ក៏​ដើរតួនាទី​សំខាន់​ក្នុង​ការផ្តល់​ការប្រឹក្សា​យោបល់ និង​ការអភិវឌ្ឍ​សមត្ថភាព​ដល់​សមាជិក​របស់ខ្លួន​អំពី​គោលនយោបាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ព្រមទាំង ភាពជា​អ្នកដឹកនាំ​ស្ថាប័ន​ក្នុង​ការផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិ​យា​ប័ន្ន និង​សមធម៌​សង្គម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×