ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយ រថយន្តកុងតឺន័រចតចោលនៅលើដងផ្លូវ ពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។ ចំណែកតៃកុងរថយន្តបើកទ្វារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៧ និង៥០ នាទីយប់ថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុចមុខក្រេនភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះហៅក្រៅ តាក់ ម៉ា ភេទប្រុសអាយុ ២០ឆ្នាំជាង មានប្រពន្ធនិងកូនក្នុងផ្ទៃប្រាំ៨ខែ បច្ចុប្បន្នស្នាក់នៅខាងប្រពន្ធនៅប្រសិទ្ធិ៍មានស្រុកកំណើតនៅខាងខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ3-D 3779 ចតចោលនៅលើចិញ្ចើមផ្លូវ ខណៈភ្លាមនោះដែរស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាទ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1-FD2309 ចេញពីធ្វើការធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុមិនប្រយ័ត្នស្រាប់តែរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ចតចោលនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកម៉ូតូវិញរងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់រួចរាយការណ៍បន្តទៅឲ្យខាងជំនាញក្រុង ចុះមកវាស់វែងយកម៉ូតូនិងរថយន្តកុងតឺន័រ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត