ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទីបំផុត ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។
សម្តេច បានបញ្ជាក់ថា មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុស
ត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះ
គ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។
បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ