កំពង់ស្ពឺ ៖ អង្គការសុវត្ថិភាពចរាចរណ៏ផ្លូវគោក សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដើម្បី រួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ។
លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងនៅថ្ងៃទី១០ កុម្ភៈនេះថា យុទ្ធនាការក្នុងខេត្តទាំងពីរនេះ គឺធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ស្តីពីសុវត្ថិភាពចរាចរណ៍ និងជំរុញពលរដ្ឋក្នុងសហគមន៍ឲ្យចេះគោរពច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន នៅពេលធ្វើដំណើរលើដងផ្លូវ។ មួយវិញទៀត យុទ្ធនាការនេះជាផ្នែកមួយ នៃសកម្មភាពអាទិភាព របស់កម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍ នៃគម្រោងកែលម្អផ្លូវជនបទជំហាន២ ដែលកំពុង រួមចំណែកអនុវត្ត តាមផែនការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឱ្យបាន៥០% ។
លោកបញ្ជាក់ថា ក្នុងយុទ្ធការនេះ ក្រៅពីសារអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ក្រុមការងារបាននិងផ្នែកពាក់ព័ន្ធ បាននាំគ្នារហែក្បួន ចុះតាមគោលដៅទីប្រជុំជន សាលារៀន វត្តអារាម និងក្នុងភូមិអ្នកស្រុក ស្រែកតាមឧបករណ៍បំពងសំឡេង និងចែកខិត្តប័ណ្ណជូនបងប្អូនបន្ថែមទៀត ។ ក្រៅពីតាមរយៈសកម្មភាពអប់រំ ផ្សព្វផ្សាយ ពីសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនតាមដងផ្លូវ ក្នុងខេត្តខាងលើនេះ នឹងអាចរួមចំណែកក្នុងការកាត់បន្ថយ ចំនួនអ្នកស្លាប់នៅក្នុងប្រទេស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានប្រសើរជាសព្វថ្ងៃ។
តាមរបាយការណ៍ការិយាល័យនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានបង្ហាញថា រយៈពេលត្រីមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៩១៦លើក បណ្តាលជនរងគ្រោះដល់ជីវិតចំនួន៤៩៣នាក់ និងរបួសធ្ងន់ធ្ងរចំនួន៨៤៦នាក់។
សូមបញ្ជាក់ថា អង្គការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងអភិវឌ្ឍន៍ជនបទ នៃគម្រោងកែលម្អផ្លូវជនបទជំហ៊ានទី២ បានចុះអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងខេត្តចំនួន១០ មានខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ ពោធិ៍សាត់ បាត់តំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយផ្លូវសរុបជាង១២០០គីឡូម៉ែត្រ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ