ខេត្តពោធិ៍សាត់ ៖ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងនៅរសៀលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១នេះថា យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៤ នាក់បានរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧ និង ១០ នាទីយប់ថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២១ នៅលើផ្លូវកៅស៊ូចំណុចមុខសាលាខេត្តពោធិ៍សាត់ ក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
សមត្ថកិច្ចស្នងការដ្ឋានខេត្តបានបញ្ជាក់ថា ជនរងគ្រោះភាគីទាំងសងខាងប្រុសស្រីចំនួន ៤ នាក់ខាងលើនោះ សុទ្ធតែមានអាយុ១៦ឆ្នាំនិង១៥ឆ្នាំ អ្នករងគ្រោះរស់នៅក្នុងខេត្តពោធិ៍សាត់ទាំងអស់គ្នា។
សាក្សីបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគឺម៉ូតូបង្កម៉ាក វីន័រជិះជិះគ្នា ៣ នាក់ បើកបរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបើកវ៉ារថយន្តមួយគ្រឿង នៅខាងមុខគាត់យល់ចង្កូតទៅបុកម៉ូតូម៉ាកឌ្រីមជិះតែម្នាក់ឯង ច្រាសទិសគ្នាពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៣ នាក់ និងស្រាលម្នាក់ ត្រូវបានបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដែលនៅក្បែរនោះ។
ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖CEN