ប្រធានភ្នាក់ងារស៊ើបអង្កេតមជ្ឍិម (CIA) គឺលោក Mike Pompeo កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានធ្វើការព្រមានថា កូរ៉េខាងជើងកំពុងស្ថិតក្នុងចំនុចដ៍ស្រួចមួយ ដែលនឹងអាចមានសមត្ថភាពវាយប្រហារអាមេរិចដោយមីស៊ីលបាន។
ទោះយ៉ាងណាក៍ដោយ លោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននៅតែជ្រើសរើសយកផ្នែកការទូត និងការដាក់ទណ្ឌកម្មដើម្បីដោះស្រាយបញ្ហាកូរ៉េ ហើយលោកក៍បាននិយាយដែរថា វិធានការយោធាក៍នៅតែជាជំរើសផងដែរ។
របបផ្តាច់ការព្យុងយ៉ាងធ្លាប់បានអះអាងថា ខ្លួនមានសមត្ថភាពវាយប្រហារអាមេរិចបានរួចរាល់ហើយ។
“ឥឡូវនេះកូរ៉េខាងជើងកំពុងខិតជិតដល់សមត្ថភាពមួយ ហើយបើតាមទស្សនៈនយោបាយអាមេរិច ពួកយើងត្រូវធ្វើសកម្មភាព ទោះបីជាយើងស្ថិតនៅចំនុចដែលអាចឲ្យពួកគេសម្រេចគោលដៅបានក៍ដោយ”។
លោកថ្លែងព្រមានថា ជំនាញមីស៊ីលរបស់ក្រុងព្យុងយ៉ាងឥឡូវនេះ រីកចម្រើនយ៉ាងលឿន ដែលវាពិបាកដល់ភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិចដឹងប្រាកដថា តើពេលណាគេបានជោគជ័យ។
កាលពីអាទិត្យមុន រដ្ឋមន្ត្រីការបរទេសអាមេរិច Rex Tillerson បាននិយាយថា ប្រធានាធិបតីដូណាល់ ត្រាំ ចង់ដោះស្រាយបញ្ហាប្រឈមជាមួយនឹងកូរ៉េខាងជើងតាមរយៈការទូត។
លោក ត្រាំ ក៍ធ្លាប់បានប្រាប់លោក Rex Tillerson ថាកុំឲ្យខ្ជះខ្ជាយពេលវេលាក្នុងការស្វែងរកការចរចារជាមួយនឹងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន។