ភ្នំពេញ ៖ មានការកកស្ទះខ្លាំងតាមមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលបងប្អូនខ្សែស្រឡាយចិន សម្រុកទិញគ្រឿងតុបតែងផ្ទះ និងសម្ភារៈសែន នារដូវចូលឆ្នាំចិន រយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី៩ ទី១០ និងទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
ហេតុការណ៍ដែលកកស្ទះខ្លាំង គឺនៅពេលព្រឹក និងពេលល្ងាច តាមបណ្ដាផ្លូវប្រសព្វមួយចំនួន ក្នុងរាជធានីភ្នំពេញ ពិសេសផ្លូវដែលនៅជិតផ្សារតែម្ដង មិនថាផ្សារទ្រុងទ្រាយតូចឬធំទេ ខណៈដែលបងប្អូនប្រជាពករដ្ឋ ដែលជាប់ខ្សែស្រឡាយចិន ពួកគាត់បានសម្រុកទិញសម្ភារៈ សម្រាប់សែនទទួលឆ្នាំថ្មីប្រពៃណីចិន ដែលចូលមកដល់នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ នេះ។
តាមប្រភពពីសមត្ថកិច្ចជំនាញដែលកំពង់ជួយសម្រួលចរាចរណ៍តាមដងផ្លូវដែលមានការកកស្ទះ បានបង្ហើបឲ្យក្រុមការងារយើងដឹងថា រយៈពេល៣ថ្ងៃគៀកចូលឆ្នាំចិននេះ ការងារចរាចរណ៍គឺមានការមមាញឹកលើសថ្ងៃធម្មតា តែទោះបីយ៉ាង ដើម្បីតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ និងខិតខំជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូន ឲ្យអស់ពីកម្លាំងកាយចិត្តឲ្យខាងតែបាន។
ជាចុងក្រោយ សមត្ថកិច្ចក៏សូមសុំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមបង្ការនិងទប់ស្កាត់នូវ (កូវីដ១៩) ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃនិងសាប៊ូ ពាក់ម៉ាស់ជាប្រចាំផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារឿន