ភ្នំពេញ ៖ តុលាការបានចេញដីកាកោះបង្គាប់ឲ្យលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ពាក់ព័ន្ធករណីប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំងមនុស្សដោយខុសច្បាប់។
ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីស្ត្រីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស បានដាក់ពាក្យប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
លោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចូលទៅកាន់កាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរពីដំណើររឿងប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ តាមពាក្យបណ្តឹងរបស់ឈ្មោះ ឌួង ហេម៉ាលីស ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
ទាក់ទងករណីនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN ថា ចំពោះករណីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍អគ្គបញ្ជាការ នៃក្រសួងការពារជាតិ ដែលត្រូវបានស្ត្រីម្នាក់ជាពាណិជ្ជករម្នាក់ប្តឹងថា ប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំង គឺក្រុមប្រឹក្សាវិន័យនឹងសិក្សាស្រាវជ្រាវរឿងនេះ តើវាយ៉ាងម៉េច មូលហេតុយ៉ាងណាខុសឆ្គងរបៀបណា? ប៉ុន្តែសម្តេចនៅមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ចំពោះករណីនេះ សម្តេចមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ ហើយសម្តេចបានឃើញសារព័ត៌មានចុះផ្សាយរឿងនេះ ហេតុនេះត្រូវតែពិនិត្យមើលស៊ើបអង្កេតមើលសិន មិនទាន់សន្និដ្ឋានថា រឿងនេះវាយ៉ាងណាទេ។ ដោយសម្តេចបានបញ្ជាក់ថា “បន្តិចទៀតធ្វើការស៊ើបអង្កេតហើយ កិច្ចការទាំងអស់នេះ គឺក្រុមប្រឹក្សាវិន័យត្រូវតែបង្កើតឡើងសិក្សាស្រាវជ្រាវមើលអំពីមូលហេតុ និងការខុសឆ្គងរបៀបណា”។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាពាណិជ្ជករបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់លើដងផ្លូវស្ថិតនៅចំណុចមុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់ធឿន បានវាយដំអ្នកស្រី និងបានដកកាំភ្លើងខ្លីភ្ជង់គំរាមមិនឲ្យស្រែក និង គំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងបានចាប់បង្ខាំងទុកនៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះអ្នកស្រីចេញពីផ្ទះ ដែលបានបង្ខាំងអ្នកស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ស្ត្រីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស សង្ឃឹមថា តុលាការខេត្តកំពង់ស្ពឺនិងផ្តល់ភាពយុត្តិធម៌ដល់ខ្លួន និងសូមឲ្យតុលាការផ្តន្ទាទោសលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ឲ្យសមទៅនិងទង្វើដែលបានធ្វើមកលើអ្នកស្រី។
ចំណែកលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធករណីខាងលើនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ