Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ០២​ករណី ប៉េអឹម​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ស្បែក​ខ្មៅ​០២​នាក់ បញ្ជូនទៅ​តុលាការ​

​ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ក្រើនរម្លឹក​ជូន​ដល់​មហាជន​ជាថ្មី​ម្តងទៀត សូម​បងប្អូន​កុំ​មានចិត្ត​លោភលន់ រហូត​ធ្លាក់ចូល​អន្ទាក់​ជនខិលខូច​។​

ជា​ញឹកញាប់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង និង​ឆបោក​តាម​វិធី​ផ្សេងៗ បានជា​ហូរហែរ និង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្វផ្សាយ​ជាប់​ជាប្រចាំ ដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ ទៅ​បោកប្រាស់​អ្នកផ្សេង​ទៀត​បាន ប៉ុន្តែ​ទោះបីជា​មានការ​អំពាវនាវ​និង​ផ្សព្វផ្សាយ​យ៉ាងណា ក៏​គេ​សង្កេតឃើញថា នៅតែមាន​ជនរងគ្រោះ​មួយចំនួន នៅតែ​ចាញ់បោក​ល្បិច​ចោរ​ទាំងនេះ​ជា​ដដែលៗ​។

​ម្យ៉ាងទៀត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់បាន​ចេញមុខ​អំពាវនាវ​ដោយផ្ទាល់ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​តោង​មានការ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ កុំ​មានចិត្ត​លោភលន់ កុំ​ចង់បាន​អ្វីដែល​មិនមាន​ប្រភព ជាពិសេស​លាភសក្ការៈ​ដែល​នៅ​សុខៗ មក​ដោយ​ឯកឯង ដោយ​មិនមាន​ការប្រឹងប្រែង​សោះ​នោះ ច្រើនតែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅក្នុង​ការខាតបង់​។​

​ជាថ្មី​ម្តងទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើបតែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ០២​ករណី បន្តបន្ទាប់​គ្នា ដោយ​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ស្បែក​ខ្មៅ​០២​នាក់ បញ្ជូនទៅ​តុលាការ ផ្តន្ទាទោស តាមច្បាប់ ក្នុងនោះ​មាន​៖

​ករណី​ទី​១៖ កាលពី​ថ្ងៃទី​23 ខែមករា ឆ្នាំ​2021​នេះ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ នូវ​ជន​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ឈ្មោះ OKEKE IKECHUKWU អាយុ​39​ឆ្នាំ បន្ទាប់ពី​គេ និង​គូរ​កន បាន​រៀប​គម្រោង​បោកប្រាស់​ជនរងគ្រោះ​ម្នាក់ ភេទ​ស្រី អាយ​34​ឆ្នាំ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​សុំ​រាប់អាន​គ្នា រហូត​បោក ឲ្យ​ជនរងគ្រោះ ផ្ញើ​លុយ​ទៅ​ពួកគេ​ជា​បន្តបន្ទាប់​សរុប​ចំនួន 2,200$​។​

​ករណី​ទី​២៖ នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ BANGHA CALESTUS NYODEH ហៅ JOE អាយុ​៣១​ឆ្នាំ ជនជាតិ​កា​ម៉េ​រ៉ូ​ន មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ ដែល​ជនសង្ស័យ​ខាងលើនេះ បាន​បោកប្រាស់​ទៅលើ​ជនរងគ្រោះ ដោយ​រៀប​គម្រោង​ទាក់ទង​រកស៊ី​នាំ​រថយន្ត​ពី​អាមេរិក យកមក​លក់​ក្នុងស្រុក​ខ្មែរ ហើយ​តម្រូវ​ឲ្យ​ជនរងគ្រោះ កក់​ប្រាក់​ចំនួន​៥០០០០​ដុល្លារ​អាមេរិក តែ​ជនរងគ្រោះ​កក់​ខ្លួន​តែ ២០០០០​ដុល្លារ​អាមេរិក ប៉ុណ្ណោះ​។ បន្ទាប់ពី​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​រួច ពួកខ្លួន​បាន​ចែក​ប្រាក់​គ្នា​ហើយក៏​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន និង​បាន​បិទ​ទូរស័ព្ទ​ផ្តាច់ការ​ទាក់ទង​ជាមួយ​ជនរងគ្រោះ រហូត អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានតែ​ម្តង​។​

​ពាក់ព័ន្ធ​ករណី​ដូចខាងលើ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវ​នា​ជាថ្មី​ម្តងទៀត ដល់​មហាជន​ទូទៅ សូម​មានការ​ប្រយ័ត្ន ចំពោះ​ល្បិចកល ជនខិលខូច​ទាំងនេះ​ឲ្យ​បាន​ខ្ពស់ កុំ​មានចិត្ត​លោភលន់ ចង់បាន​ផលប្រយោជន៍​ណាមួយ ដែល​បានមក​ដោយ​ស្រួល​គ្មាន​ប្រភព ច្បាស់លាស់ ព្រោះ​វា​សុទ្ធតែជា​អន្ទាក់ ដែល​នាំ​អ្នក​ទៅរក​ការខាតបង់​ទាំងអស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×