ភ្នំពេញ-តារាចម្រៀង ពេជ្រ សោភា បានប្រកាសថា ក្នុងពិធីបុណ្យ៧ថ្ងៃរបស់ សព តារាចម្រៀង សាន ស្រីឡៃ នាង គឺជាអ្នករ៉ាប់រងទាំងអស់ ខណៈដែលបុណ្យ ៧ថ្ងៃ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី២១ តុលា ២០១៧ នៅក្នុងវត្តទូលទំពូង។
រីឯការអញ្ជើញភ្ញៀវ ពេជ្រ សោភា បានអញ្ជើញត្រឹមតែ១០តុ ប៉ុណ្ណោះ នាងថា ដើមឡើយនាងចង់ចំណាយតែម្នាក់ឯង ប៉ុន្តែដោយចង់ឲ្យម្តាយ និងសាច់ញាតិអ្នកនាង សាន ស្រីឡៃ មានចំណែកក្នុងការជួយឧទ្ទិសកុសល្យផលបុណ្យ ទៅឲ្យដល់កូនស្រី ទើបនាងបានឲ្យពួកគាត់ចំណាយ លើការប្រគេនព្រះសង្ឃ ក្នុងកម្មវិធីបុណ្យ ដើម្បីជាចំណែករបស់សាច់ញាតិឧទ្ទិសជូនដល់ ស្រីឡៃ ផងដែរ។
នាងបានជ្រើសរើសវត្តទួលទំពូង ព្រោះតែវត្តនៅក្នុងក្រុង ងាយនឹងមិត្តិភក្កិ ងាយស្រួលចេញចូលផងដែរ។ ទោះជាយ៉ាងណា តាមរយៈតារាចម្រៀង ពេជ្រ សោភា ក៏មានសប្បុរសជនមួយចំនួន បានជួយជាភេសជ្ជៈ សម្រាប់ចាត់ចែង ក្នុងកម្មវិធី៧ថ្ងៃនេះផងដែរ។
ចំណែកពិធីបុណ្យសព ដែលបានរៀបចំឡើងនៅក្នុងវត្តសែនសុខ នោះការចំណាយក្នុងពិធីបុណ្យសរុបទាំងអស់ អស់ប្រមាណជាង៥ពាន់ដុល្លារ ត្រូវបានក្រុមហ៊ុនហង្សមាស ជាអ្នករ៉ាប់រង។ ចំណែកបច្ច័យទទួលបានពីសប្បុរសជន ដែលចូលរួមបុណ្យសព តារាចម្រៀង សាន ស្រីឡៃ នោះគឺមានចំនួនប្រាក់ដុល្លារ ៣៤៣១ ដុល្លារអាមេរិក និង ប្រាក់រៀលចំនួន ៥.៨០០.០០០រៀល ដែលប្រាក់ចំណូលជាបច្ច័យនេះ ប្រគល់ជូនទៅគ្រួសារសពទាំងអស់ ដើម្បីទុកដោះស្រាយ ក្នុងជីវភាពគ្រួសារតទៅមុខទៀត៕ ដោយ-គីម ស្រីរ័ត្ន