ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ក្នុងល្បឿនលឿនដល់ផ្លូវបំបែកមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តជនជាតិចិន ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យប៉ើងទៅមុខក្រឡាប់ផ្ងារជើង។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីយប់ឈានចូលថ្ងៃសុក្រទី ១២ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៩ កែងផ្លូវ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តជនជាតិចិនមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1-H 0537បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងទៀត ពណ៌ឈាមជ្រូកពាក់ផ្លាកលេខ ភ្នំពេញ 2-AS 0218 បើកបដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្តជនជាតិចិន ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យប៉ើងទៅមុខធ្លាក់ចូលក្នុងដីឡូត៍។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់រួចក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តស្ទូចមកស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សាមេត