កំពង់ធំ ៖ មានករណីឃាតកម្មមួយកើតឡើងនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅវេលាម៉ោង៨និង៥០ នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ប្តីចាក់ប្រពន្ធស្លាប់។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ សិត ច្រឹប ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ បច្ចុប្បន្នស្នាក់នៅការដ្ឋានទី១ ក្រុមហ៊ុនចំការកៅស៊ូមេគង្គ ។
តាមការរបស់សាក្សីឈ្មោះ មួន ចាន់វាសនា ភេទ ប្រុស អាយុ ១៤ឆ្នាំត្រូវជាកូនជនរងគ្រោះបានបញ្ជាក់ថា ៖ គាត់មករស់នៅជាមួយឪពុកធ្វើការជាសន្តិសុខការពារក្រុមហ៊ុនចំការ កៅស៊ូមេគង្គ និងម្ដាយនៅផ្ទះរោងយាមជាមួយហើយឪពុករបស់គាត់តែងផឹកស្រាស្រវឹងវាយធ្វើបាបម្ដាយខ្លួនជាញឹកញាប់ ពេល ខ្លះវាយរហូតដល់សន្លប់ ក៏មាន។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២០ ឪពុក និងម្ដាយរបស់គាត់បាននាំគ្នាផឹកស្រានៅកន្លែងគេលក់ក្នុងចំការកៅស៊ូឆ្ងាយពីរោងយាម ពេលនោះឪពុកខ្លួនស្រវឹង ហើយច្រៀងខារ៉ាអូខេ ម្ដាយខ្លួនហៅឲ្យមកផ្ទះ តែឪពុកមិនមក ម្ដាយក៏នាំខ្លួនដើរមកផ្ទះមុន ដើរឆ្ងាយបន្តិចឪពុកក៏ជិះម៉ូតូតាមក្រោយហើយស្ទុះវាយម្ដាយខ្លួន និងចាប់បោកទៅលើដី បន្ទាប់មកក៏លើកដាក់លើម៉ូតូ ឲ្យខ្លួនអង្គុយអោបម្ដាយពីក្រោយ មកដល់រោងយាមឪពុកមិនមើលម្ដាយខ្លួនទេ ទៅដេកអង្រឹងបាត់ លុះព្រឹកឡើងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបដឹងថាម្ដាយស្លាប់ ។
ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញ បានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំមេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យសាកសព។ ការពិនិត្យនៅលើសាកសព មានស្នាមជាំ ចំណុចថ្ពាល់ខាងឆ្វេង ស្នាមជាំស្បែកលើ ដើមទ្រូង លើឆ្អឹងជំនីរឆ្វេង ស្ដាំ ស្នាមជាំស្បែកលើកដៃឆ្វេង ស្ដាំ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ