ភ្នំពេញ ៖ សមត្ថកិច្ចកំពុងតែតាមចាប់ក្រុមខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្សពីរនាក់ និងម្នាក់រងរបួស នៅចំណុចលើផ្លូវបេតុង មុខហាងលក់ទូរស័ព្ទដៃពន្លកថ្មី ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីប៉ូលិសបានឲ្យដឹងថា នៅក្នុងករណីឃាតកម្មនេះ គឺបណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងម្នាក់រងរបួស។ តាមរយៈកាម៉ារ៉ាសុវត្ថិភាពននៅកន្លែងកើតហេតុ សមត្ថកិច្ចមានតម្រុយខ្លះហើយក្នុងការតាមស្វែងរកក្រុមជនដៃដល់។
ជនរងគ្រោះទាំងបីនាក់ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ឲ្យស្លាប់ និងរបួសមានដូចជាៈ
១. ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ខោអាវ ទីលំនៅភូមិអង្គរ ឃុំអង្គរ ស្រុកកងមាស ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវគ្រាប់កាំភ្លើងចូលនៅកខាងស្តាំធ្លាយចេញនៅកខាងឆ្វេង (ស្លាប់)។
២. ឈ្មោះ គឹម ឈៀកលីន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិជីបាន ឃុំជីបាន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ គ្រាប់កាំភ្លើងត្រូវចំក្បាលខាងក្រោយចំហៀងខាងឆ្វេងធ្លាយចេញនៅក្បែរចុងចិញ្ចើមខាងស្តាំ (ស្លាប់)។
៣. ឈ្មោះ ប៉ូ សុធី ភេទប្រុស អាយុ៤៧ឆ្នាំ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ប្រភពបានបន្តថា ក្រុមខ្មាន់កាំភ្លើងមានគ្នាចំនួន ៥នាក់ បានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពបាញ់ស្លាប់ជនទៅលើជនរងគ្រោះ។ នៅកន្លែងកើតហេតុបានរកឃើញសំបកគ្រាប់អាវុធខ្លី៣គ្រាប់។ហើយសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ជនរងគ្រោះឈ្មោះ ប៉ូ សុធី ភេទប្រុស អាយុ៤៧ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន និងឈ្មោះ ស៊ីដេត ឈ្មោះ ឈៀកលីន ព្រមទាំងមិត្តភក្តិជាច្រើននាក់ បានអង្គុយផឹកស៊ីនៅមុខផ្ទះឈ្មោះ មុន្នី ពេលនោះស្រាប់តែមានអ្នកបើកកង់បីឥណ្ឌាពណ៌ស បានបើកមកដល់មុខកន្លែងផឹកស៊ីទៅមុខទៀត មិនរួចព្រោះមានរថយន្តម៉ាកស្តារិចចតបាំងផ្លូវ ហើយអ្នកបើកកង់បីក៏បានទាស់ពាក្យសំដីជាមួយម្ចាស់រថយន្តស្តារិច ពេលនោះពួកខ្លួនក៏បានដើរចូលទៅឃាត់។ នៅពេលនោះអ្នកបើកកង់បីបានទូរស័ព្ទទៅហៅបក្ខពួកមក ពេលបក្ខពួកអ្នកបើកកង់បីមកដល់ក៏បានចូលមកវ៉ៃគ្នាជាមួយពួកខ្លួន ហើយបានបាញ់ចំឈ្មោះ ស៊ីដេត និងឈ្មោះ ឈៀក លីន បណ្តាលឲ្យដួលនឹងដី ហើយក៏បានបាញ់មកលើខ្លួនមួយគ្រាប់ រងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ករណីនេះ បានបណ្តាលឲ្យមនុស្សចំនួនពីរនាក់ស្លាប់ និងម្នាក់រងរបួស។ សមត្ថកិច្ចកំពុងតែរកប្រភពនៃរឿង និងកំពុងតែតាមស្វែងរកចាប់ខ្លួនក្រុមជនដៃដល់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ