ភ្នំពេញ ៖ មនុស្សចំនួន ៣៧នាក់ បានស្លាប់ និងរបួសចំនួន នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃ នៃបុណ្យចូលឆ្នាំចិន (ថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន) គឺនៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលសារព័ត៌មាន CEN ទទួលបាននៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ បានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃ នៃបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតចំនួន ២៤លើក គឺនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១០លើក ស្លាប់មនុស្សចំនួន ២នាក់ និងរបួសចំនួន ១២នាក់ (ធ្ងន់ ៩នាក់ និងស្រាល ៣នាក់) នៅរាជធានី ខេត្ត ចំនួន ៦ រួមមានៈ កោះកុង ភ្នំពេញ ព្រះវិហារ ព្រះសីហនុ និងខេត្តស្វាយរៀង។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១៤លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួស ១៨នាក់ (ធ្ងន់ ១០នាក់ និងស្រាល ៨នាក់) នៅនៅរាជធានី ខេត្ត ចំនួន ៨ រួមមានៈ ខេត្តក្រចេះ សៀមរាប ភ្នំពេញ ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង និងខេត្តប៉ៃលិន៕ រក្សាសិទ្ធិដោយៈ ចេស្តារ