ភ្នំពេញ ៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គឺនៅថ្ងៃទី១១-១២-១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសចំនួន ៦៦នាក់ ដោយក្នុងនោះ ១៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៥២នាក់។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានដឹងថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេលបីថ្ងៃ នៃបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតចំនួន ៣៥លើក គឺៈ
-នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១០លើក ស្លាប់មនុស្សចំនួន ២នាក់ និងរបួសចំនួន ១២នាក់ (ធ្ងន់ ៩នាក់ និងស្រាល ៣នាក់) នៅរាជធានី ខេត្ត ចំនួន ៦ រួមមានៈ កោះកុង ភ្នំពេញ ព្រះវិហារ ព្រះសីហនុ និងខេត្តស្វាយរៀង។
-នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១៤លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួស ១៨នាក់ (ធ្ងន់ ១០នាក់ និងស្រាល ៨នាក់) នៅរាជធានី ខេត្ត ចំនួន ៨ រួមមានៈ ខេត្តក្រចេះ សៀមរាប ភ្នំពេញ ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង និងខេត្តប៉ៃលិន។
-នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១១លើក ស្លាប់មនុស្សចំនួន ៧នាក់ និងរបួស ២២នាក់ (ធ្ងន់ ១២នាក់ និងស្រាល ១០នាក់) នៅរាជធានី ខេត្ត ចំនួន ៨ រួមមានៈ ខេត្តក្រចេះ កណ្តាល ភ្នំពេញ ពោធិ៍សាត់ សៀមរាប ស្វាយរៀង រតនគីរី និងខេត្តឧត្តរមានជ័យ៕ រក្សាសិទ្ធិដោយ:ចេស្តារ