Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ៖ ស្ថាប័ន​វិទ្យុផ្សាយសំឡេង ក៏ដូចជា​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​បាន​ចូលរួម ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ពួក​ឱកាសនិយម​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​បងប្អូន​អ្នកសារព័ត៌មាន​ក្នុង​ស្ថាប័ន​វិទ្យុផ្សាយសំឡេង​ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន បាន​ខិតខំ​ពុះពារ​រាល់​ឧបសគ្គ​និង​ការលំបាក​ក្នុងការ​បំពេញការងារ ជាពិសេស​ស្ថាប័ន​វិទ្យុផ្សាយសំឡេង​ក៏ដូចជា​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​បាន​ចូលរួម ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ពួក​ឱកាសនិយម​។​

សារលិខិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស «​ទិវា​វិទ្យុ​ពិភពលោក​» លើក​ទី​១០ ក្រោម​ប្រធានបទ «​នវានុវត្តន៍ នៃ​វិទ្យុផ្សាយសម្លេង​ស្របតាម​ការវិវត្ត នៃ​ពិភពលោក​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សូម​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញការងារ​នៅក្នុង ស្ថាប័ន​វិទ្យុផ្សាយសំឡេង​ទាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅលើ​សកលលោក​ទាំងមូល​ក្នុង ឆ្នាំនេះ ឱកាស “​ទិវា​វិទ្យុ​ពិភពលោក​” ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ ហើយ គឺជា​ខួប​លើក​ទី​១០ នៃ​ការបង្កើត​វិទ្យុផ្សាយសំឡេង​នៅលើ​សកលលោក ហើយក៏​ជា​ខួប​លើក​ទី​៧៥ នៃ ថ្ងៃកំណើត​វិទ្យុ​អង្គការសហប្រជាជាតិ​ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៤៦ ក្នុង​គោលបំណង​លើកកម្ពស់ សិទ្ធិ​យល់ដឹង​របស់​សាធារណជន ការបង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​អ្នកសារព័ត៌មាន​នៅក្នុង ស្ថាប័ន​វិទ្យុផ្សាយសំឡេង​នៅ​ទូទាំង​សកលលោក និង​បង្ហាញ​ពី​សារសំខាន់​របស់​ស្ថាប័ន​វិទ្យុផ្សាយសំឡេង ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស ជាតិ​អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មកហើយ​ដោយបាន​ឆ្លងកាត់​ការវិវត្ត​នៅ​គ្រប់​សម័យកាល​ស្រប តាម​ការវិវត្ត​បច្ចេកវិទ្យា​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅលើ​សកលលោក​។​

​ខួប​លើក​ទី​១០ នៃ ទិវា​វិទ្យុ​ពិភពលោក – ឆ្នាំ​២០២១ បាន​លើកយក​ប្រធានបទ​ដ៏​មាន​សារសំខាន់ ស្តីពី “​នវានុវត្តន៍​នៃ​វិទ្យុផ្សាយសំឡេង​ស្របតាម​ការវិវត្ត​នៃ​ពិភពលោក – បាន​ឆ្លុះបញ្ចាំង ពី​ការអភិវឌ្ឍ​នៃ បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​នៅក្នុង​យុគសម័យ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤​និង​ការបង្កើត ឡើង​នូវ​នវានុវត្តន៍​នៃ​វិទ្យុផ្សាយសំឡេង​ដើម្បី​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​សង្គម​ស្រប​ពេលដែល​ពិភពលោក ទាំងមូល​កំពុង​មានកា​រវិ​វត្ត​ទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​ការរីក​រាលដាល​នៃ​ការឆ្លង ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាននិងកំពុង​គំរាមកំហែង និង​បង្ក​គ្រោះមហន្តរាយ​យ៉ាង​ធំធេង​ដល់ អាយុជីវិត​របស់​មនុស្ស សេដ្ឋកិច្ច​សកល និង​ការ​កាត់ផ្តាច់​នូវ​ចរន្ត​សកលភាវូបនីយកម្ម​លើ​អន្តរ​វិស័យ ដែល​តម្រូវឱ្យ​ស្ថាប័ន​វិទ្យុផ្សាយសំឡេង​ត្រូវ​ចេះ​បត់បែន និង​សម្របសម្រួល​ខ្លួន​ដើម្បី​ដើរ​ទាន់​ការវិវត្ត នៃ​សភាពការណ៍​នៅលើ​សកលលោក ការបង្កើតឡើង​នូវ​នវានុវត្តន៍​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​និង​ការបំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព​ក្នុងស្ថានភាព​ដែល​សកលលោក​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ -១៩​។​

​ជា​ការពិត​ការវិវត្ត​នៃ​សភាពការណ៍​នៅលើ​សកលលោក ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ ផ្សព្វផ្សាយ​ឌីជីថល និង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​ពិតជា​បានធ្វើឱ្យ​ពិភពលោក ទាំងមូល​មានការ​ផ្លាស់ប្តូរ​និង​បាន​កាត់ផ្តាច់​ស្ទើរតែ​ទាំងស្រុង​នូវ​ចរន្ត​សកលភាវូបនីយកម្ម​លើ​អន្តរ​វិស័យ ដែលជា​កា​រប​ន្ទុ​ច​បង្អាក់​នូវ​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កំណើន​និកម្មភាព របស់​ប្រជាជន​នៅក្នុង​សង្គម និង​បាន​ឆក់យក​អាយុជីវិត​រប​ស់មនុស្ស​នៅ​ទូទាំង​ពិភពលោក​អស់​ជិត​បី​លាន​នាក់ ហើយ​បច្ចុប្បន្ន​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​នៅតែ​បន្ត​គំរាមកំហែង​ដល់​អាយុជីវិត​និង​សុខភាព សាធារណៈ​ដ៏​គួរឱ្យ​ភ័យខ្លាច​ដែល​តម្រូវឱ្យ​មនុស្ស​ចេះ​បំពេញការងារ​និង​រស់​នៅតាម​គន្លង​ថ្មី ដើម្បី ជៀស​ផុតពី​បញ្ហា​ប្រឈម​ទៅនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នាពេល​បច្ចុប្បន្ន បង្កើតបានជា​កាលានុវត្តភាព​ថ្មី មួយ​ដើម្បី​ត្រៀមខ្លួន​ប្រឆាំង​ទៅនឹង​ជំងឺឆ្លង​ជាស​កល​នៅ​ថ្ងៃ​អនាគត​ដែល​មិនអាច​ប៉ាន់ស្មាន​បាន ។​

​ទោះបី​ស្ថិតនៅក្នុង​ស្ថានការណ៍​ប្រឈម​ដ៏​លំបាក​បែបនេះ​ក្តី វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ ផ្សព្វផ្សាយ​ឌីជីថល​នៅក្នុង​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ បានធ្វើឱ្យ​វិទ្យុផ្សាយសំឡេង​ដែលជា​ឧបករណ៍​សារគមនាគមន៍​ដ៏​មាន​ឥទ្ធិពល​អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មកហើយ​នោះ​នៅតែ​អាច ឈរជើង​យ៉ាងរឹងមាំ​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត​ដោយបាន​បង្កើត នវានុវត្តន៍​នៃ​ការបញ្ជូន​មាតិកា​របស់ខ្លួន​ទៅលើ​ថ្នាល​វិទ្យុ​ឌីជីថល​អន​ឡាញ​ដែល​អាច​ប្រើ​បាន​តាមរយៈ ឧបករណ៍ វ័យឆ្លាត​ដើម្បី​ផ្សារភ្ជាប់​និង​សម្របសម្រួល​ខ្លួន​ទៅនឹង​ជីវិត​រស់នៅ និង​ច​រិ​ក​លក្ខណៈ​របស់​មនុស្ស​ជំនាន់​ថ្មី​ផ្តល់នូវ​ជម្រើស ជាច្រើន​ឆ្លើយតប​តាម​តម្រូវការ​របស់​មនុស្ស​ក្នុងការ​ស្តាប់​មាតិកា​ដែល​ខ្លួន ពេញចិត្ត​ដែលមាន​តម្លៃថោក អាច​ប្រើ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​បាន​រហ័ស​ទាន់សភាពការណ៍ និង មាន​វិសាលភាព​គ្របដណ្តប់​ធំ​ទូលាយ​ដែល​រហូតមក​ដល់ពេលនេះ​វិទ្យុផ្សាយសំឡេង​នៅតែ​ជា​មធ្យោបាយ ក្នុងការ​ផ្តល់ព័ត៌មាន ការអប់រំ និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ទទួល​បានការ គាំទ្រ​ពេញនិយម​ពី​សំណាក់​មហាជន​ច្រើនជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត​នាពេល​បច្ចុប្បន្ន​។​

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ សូម​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ទាំងអស់​និយាយ​ជារួម និង​និយាយ​ដោយឡែក​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន ដែល​បំពេញការងារ​នៅក្នុង​ស្ថាប័ន​វិទ្យុផ្សាយសំឡេង​ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ពុះពារ​រាល់​ឧបសគ្គ​និង​ការលំបាក​ក្នុងការ​បំពេញការងារ​របស់ ខ្លួន​ផ្សារភ្ជាប់​ទំនាក់ទំនង​ពី​រាជរដ្ឋាភិបាល​ទៅកាន់​ប្រជាពលរដ្ឋ និង​ពី​ប្រជាពលរដ្ឋ​មកកាន់​រាជរដ្ឋាភិបាល វិញ ព្រមទាំង​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​បានដឹង​និង​ស្វែងយល់​អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា សភាពការណ៍​ប្រែប្រួល​នៅលើ​សកលលោក និង​ជាពិសេស​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បានច្បាស់លាស់​អំ​ពី​ការវិវត្ត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​បន្ទាន់​របស់​រា​ជ​រដ្ឋាភិបាល ក៏ដូចជា​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ក្នុងការ ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ដំណាក់កាល​បាន ទទួលជោគជ័យ​យ៉ាង​ធំធេង​ដែល​រហូតមក​ដល់ពេលនេះ​គ្មាន​ប្រជាពលរដ្ឋ​ខ្មែរ ឬ​ជនបរទេស​ណា​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ -១៩​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ ហើយ​បើ​ប្រៀបធៀប​ទៅ និង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ អ្នក​ឆ្លង​មេរោគ​កូ​វីដ -១៩ នៅ​កម្ពុជា មាន​ចំនួន​តិច​ហើយ​ការឆ្លង ចូល​សហគមន៍​ត្រូវបាន​ចាត់វិធានការ​ទប់ស្កាត់​បាន​ទាន់សភាពការណ៍​និង​មាន​ប្រសិទ្ធភាព ។​

​មួយវិញទៀត ស្ថាប័ន​វិទ្យុផ្សាយសំឡេង​ក៏ដូចជា​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​បាន​ចូលរួម ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ពួក​ឱកាសនិយម​ប៉ុនប៉ង​បង្ក​ភាពចលាចល នៅក្នុង​សង្គម​ដើម្បី​រំខាន​ដល់​ការ​រស់​ឡើងវិញ និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​កម្ពុជា ដោយបាន ធ្វើការ​បកស្រាយ​ពន្យល់​ប្រជាពលរដ្ឋ និង​អន្តរជាតិ​បាន​យល់ដឹង​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​។ បេសកកម្មរ​បស់បង​ប្អូន​ពិត​ជាមាន​សារសំខាន់​ក្នុងការ​ចូលរួមចំណែក​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​ប្រទេសជាតិ ប្រកបដោយ​ចីរភាព ការពារ​សេចក្តីសុខសាន្ត និង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ព្រមទាំង ការពារ​អាយុជីវិតរ​បស់​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យ​រួច​ផុតពី​ការយាយី​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​ដ៏​កាច​សាហាវ​នាពេល​បច្ចុប្បន្ន​។

​សម្តេចនាយក​រដ្ឋមន្ត្រី សូម​យក​ឱកាស​នេះ​ផ្តល់យោបល់​ឱ្យ​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​កំពុង​បំពេញការងារ​លើ​វិស័យ​ព័ត៌មាន​នៅ​ទូទាំង​សកលលោក ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រឆាំង​ទប់ស្កាត់​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សព្វផ្សាយ​វិធានការ​សុវត្ថិភាព​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ដើម្បី​ការពារ​អាយុជីវិត និង​សេចក្តីសុខសាន្ត​របស់​ប្រជាជន​នៅ​ទូទាំង​សកល លោក​រហូតដល់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ត្រូវបាន​រលាយបាត់​ពី​ផែនដី​របស់​យើង​។ ជាមួយគ្នានេះដែរ សូមឱ្យ​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចែករំលែក​ចំណេះដឹង ក៏ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​ដើរ​ទាន់​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ ផ្សព្វផ្សាយ​ទំនើប​នាពេល​បច្ចុប្បន្ន និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​បំពុលបរិយាកាស​សង្គម បង្ក​អសន្តិសុខ និង​ធ្វើឱ្យ​កើតមាន​អរិភាព​ដែល​អាច​ធ្វើឱ្យមាន​ការប៉ះពាល់ ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅលើ​សកលលោក​។​

​មុននឹង​បញ្ចប់ សម្តេច សូម​អំពាវនាវ​សាជាថ្មី​ម្តងទៀត​ដល់​អ្នកសារព័ត៌មាន​នៅក្នុង​ស្ថាប័ន​វិទ្យុ​ផ្សាយ សំឡេង ក៏ដូចជា​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ជៀសវាង​ការផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ដោយ​ពុំបាន​គិត​អំពី​ក្បួនខ្នាត​វិជ្ជាជីវៈ និង​ខ្វះ​ការទទួលខុសត្រូវ ដែល​អាច​បង្កឱ្យមាន​កា​រ​ច្របូកច្របល់​នៅក្នុង​សង្គម និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​ជាមួយគ្នា និង​សូមឱ្យ អ្នកសារព័ត៌មាន​ទាំងអស់​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ព័ត៌មាន​ក្លែងក្លាយ​ឱ្យបាន​សកម្ម ថែមទៀត​ដើម្បី​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ដែលជា​បំណងប្រាថ្នា របស់​មនុស្សជាតិ​នៅ​ទូទាំង​ពិភពលោក ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×