បន្ទាយមានជ័យ ៖ កងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងកងទ័ព ដែលឈរជើងក្នុងភូមិសាស្ត្រខេត្តនានាចំណុះភូមិភាគ៥ និងតាមបណ្តោយព្រំដែនកម្ពុជា ថៃ បាននិងកំពុងបង្កើនល្បាតទប់ស្គាត់លំហូរពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលមិនបានត្រួតពិនិត្យនិងធ្វើចត្តាឡីស័កក្នុងបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
សម្រាប់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនេះ ឲ្យដឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ នគរបាលវរៈព្រំដែនគោគទាំង៤ វរៈបានសហការនឹងកម្លាំងប្រដាប់អាវុធជួរមុខ (កងទ័ព កងរាជអាវុធហត្ថ) រួមគ្នាការពារទប់ស្កាត់ពលករចំណូលស្រុក និងចំណាកស្រុកនិងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។
រីឯលោកឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជានាយសេនាធិការបានឲ្យដឹងថ្ងៃទី១៣ខែកុម្ភៈថា ៖ កងកម្លាំងចម្រុះបានសហការគ្នាបង្កើនល្បាត ត្រួតពិនិត្យ រឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែន ទប់ស្កាត់ការជ្រៀតចេញ ចូលពលករខុសច្បាប់ ក្នុងបំណងបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងនោះត្រូវត្រួតពិនិត្យ រឹតបន្តឹងមិនឲ្យមានពលករឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័ក និងយកវត្ថុសំណាករកមេរោគកូវីដ ១៩ ។
ជាក់ស្តែង កម្លាំងកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចតំបន់ប្រតិបត្តិការសិករងប៉ៃលិន និងនគរបាលព្រំដែនបានបំពេញបេសកកម្ម ការពារល្បាតតាមខ្សែបន្ទាត់ព្រំដែនខេត្តប៉ៃលិន ទប់ស្កាត់ពលករខ្មែរឆ្លងដែនខុសច្បាប់ ដើម្បីពង្រឹងទប់ស្កាត់ជំងឺកូវីដ ១៩ ពោលគឺមិនត្រូវឲ្យមានការឆ្លងដែនណាដែលមិនបានធ្វើការត្រួតពិនិត្យនិងធ្វើចត្តាឡីស័កឡើយ។
ដូចគ្នាដែរ កងការពារព្រំដែនលេខ៥០១ ចាត់តាំងកម្លាំងល្បាត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ។
រីឯលោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ កាលពីថ្ងៃទី១២ -១៣ខែកុម្ភៈ ឆ្នាំ២០២១ (ចំឱកាសបុណ្យចូលឆ្នាំចិនតាមច័ន្ទគតិ ) បានចាត់តាំងកម្លាំងល្បាតព្រំដែនចាប់ពីអូររំដេង ព្រំប្រទល់ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដល់ភ្នំធំ ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យ រក្សាការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទប់ស្កាត់រាល់បទល្មើសនានា ដែលអាចកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួនឈរជើង។
ជាការកត់សម្គាល់ របាយការណ៍កងយោធាខាងលើឲ្យដឹងថា ៖ ក្នុងភូមិសាស្ត្រនេះ គ្មានបទល្មើសឆ្លងដែន ពលករឆ្លងដែនឬគ្មានបញ្ហាអសន្តិសុខឡើយ។
លោកបន្តថា ក្រៅពីភារកិច្ចស្នូលរបស់អង្គភាព និងការងារល្បាត ក៏បានចាត់តាំងកម្លាំងមួយចំនួន ប្រចាំការត្រៀមត្រួតពិនិត្យ ទប់ស្កាត់ពលករឆ្លងដែនតាមច្រករបៀងពីប្រទេសថៃ នៅតាមបណ្តាគោលដៅច្រករបៀងនានា ដែលមិនបានត្រួតពិនិត្យនិងធ្វើចត្តាឡីស័ក ៕ ដោយ ៖ បន្ទាយ