ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលទៅសួរសុខទុក្ខពលករកម្ពុជា បំរើការនៅឈុនបុរី ប្រទេសថៃ ចំនួន៣០០០នាក់ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ។
លោកចាប សុថារិទ្ធ នាយកខុទ្ទកាល័យ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានឲ្យដឹងថា លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំគណៈប្រតិភូមួយក្រុម ដែលមានសមាជិកសភា និងអភិបាលរងសាលារាជធានីភ្នំពេញ អភិបាលរងខេត្តសៀមរាប និងអភិបាលរងខេត្តមួយចំនួនទៀតផងដែរទៅសួរសុខទុក្ខកម្មករ កម្មការិនីកម្ពុជា ដែលកំពុងធ្វើការនៅក្នុងរោងចក្រសាច់មាន់មួយកន្លែងនៅ ប្រទេសថៃ ដែលមានកម្មករកម្ពុជា ធ្វើការនៅទីនោះមានចំនួន ប្រមាណ៣០០០នាក់។
លោកស្រីឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូនិងទៅជួបសួរសុខទុក្ខ កម្មករខ្មែរប្រមាណ៣០០០នាក់កំពុង ធ្វើការនៅរោងចក្រសាច់មាន់ (ផានូ សខោនទ្រី)នៅវេលាថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៧។
លោកចាប សុថារិទ្ធ បានបន្តទៀតថា នៅក្នុងឱកាសជួបសួរសុខទុក្ខកម្មករខ្មែរធ្វើការនៅរោងចក្រសាច់មាន់ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់កម្មករទាំងអស់បំរើការនៅទីនោះ ។
នាឱកាសនោះដែរលោកស្រីឧបនាយករដ្ឋមន្ត្រី សន្យាជួយកម្មករកម្ពុជា នៅពេលបំពេញការងារជួបកាលំបាកពេលបំពេញការងារ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានបង្កើតក្រុមការងារចំនួន៥ក្រុមសម្រាប់ចុះដោះស្រាយបញ្ហាលំបាកនៅពេលកម្មករជួបប្រទះបញ្ហាលំបាកពេលធ្វើការនៅថៃ។
រាជរដ្ឋាភិបាលកម្ពុជា បានសហការជា មួយរាជរដ្ឋាភិបាលថៃបានផ្តល់លិខិតការងារស្របច្បាប់នៅប្រទេសថៃ បានប្រមាណ៧០%ហើយរួមទាំងឯកសារចេញចូលប្រទេសថៃ។សព្វថ្ងៃនេះមាន កម្មករ កម្មការិនីខ្មឺរកំពុងធ្វើការក្នុងវិស័យ ផ្សេងៗនៅប្រទេសថៃមានចំនួនជាង ១លាន នាក់។
គណៈកម្មការរាជរដ្ឋាភិបាលនៅបន្តសហការជាមួយអាជ្ញាធរថៃក្នុងការផ្តល់បណ្ណ៏ការងារស្របច្បាប់ជូនដល់កម្មករ កម្មការិនីខ្មែរនៅសេសសល់ឲ្យទៅបាននូវភាពស្របច្បាប់ជាបន្តទៀត និងមានសិទ្ធិ ទទួលបាននូវផលប្រយោជន៏ផ្សេងៗដូចជាទទួលបានប្រាក់ខែសមរម្យពីថៅកែថៃ និងមានយកចិត្តទុកដាក់មើលថែរក្សាផងដែរពីរដ្ឋាភិបាលថៃ៕ ដោយៈ មុនីរាជ