ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅព្រឹកថ្ងៃចន្ទនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង។ គម្រោងនេះ ផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណជិត១ ម៉ឺននាក់ ដែលជាក្រុមងាយរងគ្រោះបំផុត និងរងផលប៉ះពាល់ពីជំងឺកូវីត១៩ នៅខេត្ដសៀមរាប និងបន្ទាយមានជ័យដើម្បីស្ដារជីវភាព និងពង្រឹងភាពធន់ទៅនឹងវិបត្ដិ។
គម្រោង “ស្តារ និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ជនបទដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ នៅកម្ពុជា” នឹងអនុវត្តក្នុងរយៈពេល ២០ ខែ ក្រោមជំនួយរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)។
គម្រោងនេះ មានគោលដៅដើម្បីជួយដល់ក្រុមរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺរាត ត្បាត កូវីដ១៩ រួមមាន៖ គ្រួសារក្រីក្រ និងងាយរងគ្រោះ កសិករខ្នាតតូច ពលករចំណាកស្រុកដែលបាន ត្រឡប់ មកប្រទេសវិញ និងកម្មករដែលបានបាត់បង់ការងារ។ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារ ពួកគេភាគច្រើនពឹងផ្អែកលើប្រភពចំណូលផ្សេងៗដូចជា សកម្មភាពកសិកម្ម ឬក្រៅកសិកម្ម ការងារស៊ីឈ្នួល និងប្រាក់បញ្ញើពីសមាជិកគ្រួសារចំណាកស្រុកទៅធ្វើការទាំងក្នុង និងក្រៅប្រទេស។ ប៉ុន្តែការរីករាលដាលនៃជំងឺ កូវីដ១៩ បានបង្អាក់ រាល់ឱកាសការងារទាំងអស់នេះ។
រដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់ថា វិស័យកសិកម្ម ជាវិស័យដែលមានភាពធន់ជាងគេក្នុងអំឡុងវិបត្តិនៃការរាត្បាតនៃជំងឺកូវីដ១៩ និង បានខិតខំយកចិត្តទុកដាក់ប្រែក្លាយវិបត្តិនេះទៅជាឱកាសសំដៅកែលម្អវិស័យកសិកម្ម ដើម្បីជំរុញផលិតផលកសិកម្មដែលអាចបំពេញតម្រូវ ការ ក្នុងស្រុក ប្រកបដោយគុណភាព ជំនួសឱ្យការនាំចូល ហើយក៏បានចាត់ទុកថាជាវិស័យយុទ្ធសាស្ត្រសម្រាប់ការស្តារជីវភាពរស់នៅរបស់គ្រួសារដែលងាយរងគ្រោះផងដែរ។
ក្នុងអំឡុងពេលដ៏លំបាកបំផុតនេះ ក្រុមងាយរងគ្រោះ ត្រូវការការគាំទ្របន្ថែមជាចាំបាច់។
យោងតាមការវាយតម្លៃឆាប់រហ័សមួយដែលផ្តួចផ្តើមរួមគ្នាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាស្តារវិស័យកសិកម្ម និងជនបទ (CARD) និងអង្គការ FAO កាលពីខែមេសាឆ្នាំ ២០២០កន្លងទៅ បានបង្ហាញពីតម្រូវការអាទិភាពរបស់ក្រុមងាយរងគ្រោះរួមមាន៖ ធាតុចូលកសិកម្ម និងសម្ភារៈសម្រាប់ផលិតកម្ម ការកសាងសមត្ថភាពបច្ចេកទេសផលិត ការស្តារហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដូចជាអាងស្តុកទឹកជាដើម និងការផ្សាភ្ជាប់ទៅកាន់ទីផ្សារ។ ទន្ទឹមនឹងនេះដែរ ការទទួលបានប្រាក់កម្ចី ដើម្បីវិនិយោគក្នុងវិស័យកសិកម្ម ក្នុងទម្រង់ជាជំនួយឥតសំណង ប្រាក់កម្ចីដែលមានការប្រាក់ទាប ឬគ្មានការប្រាក់ ការពន្យារពេលក្នុងការសងប្រាក់កម្ចី ក៏ជាតម្រូវការអទិភាពផងដែរ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពទាំងនេះ គម្រោងនឹងរួមបញ្ចូលសកម្មភាពជាច្រើនរាប់ចាប់ពីការស្តារហេដ្ឋារចនាសម្ព័ន្ធសហគមន៍មូលដ្ឋាន ការផ្តល់ធាតុចូលកសិកម្ម និងសម្ភារៈ ព្រមទាំងការបង្កើនលទ្ធភាពទទួលបានសេវាជំនួយហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពផលិតផងដែរ។
លោក ស្រី វុឌ្ឍី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាទរ និងអរគុណចំពោះគម្រោងដែលបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់កសិករ ដើម្បីស្តារជីវភាពរបស់ពួកគេឡើងវិញតាមរយៈការកសាងសមត្ថភាពផលិត និងលើកកម្ពស់ការទទួលបានចំនូលពីសកម្មភាពកសិកម្ម។
លោកបានលើកឡើងថា៖ “ការជួយតាមរយៈគម្រោងនេះ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ និងកិច្ចសហការផ្សេងៗទៀត នឹងធ្វើឱ្យប្រទេសកម្ពុជាអាចប្រែក្លាយវិបត្តិជំងឺកូវីត១៩ ឱ្យទៅជាឱកាសសម្រាប់បង្កើនផលិតភាពកសិកម្ម និងលើកកម្ពស់ការផលិតប្រកបដោយសុវត្ថិភាព និងគុណភាពដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល” ។
លោក Alexandre Huynh តំណាងអង្គការ FAO ប្រចាំនៅកម្ពុជាបានពន្យល់ថា “នេះគឺជាគម្រោងស្តារឡើងវិញប្រកបដោយបរិយាប័ន ដែលផ្តោតលើអន្តរាគមន៍ចម្រុះ ដូចជាការលើកកម្ពស់កសិកម្មដែលគិតគូរពីអាហារូបត្ថម្ភ ដោយផ្តោតសំខាន់លើការប្រើ ប្រាស់ វិធីសាស្ត្រអាហារជាចំបង ដើម្បីធានាបាននូវការផលិត និងការបរិភោគអាហារដែលសម្បូរជីវជាតិ ។ ដូច្នេះគម្រោងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធខ្សែច្រវាក់តម្លៃ ដោយផ្សាភ្ជាប់កសិករទៅទីផ្សារក្នុងស្រុក ខណៈលើកកម្ពស់ការយល់ដឹងជាទូទៅអំពីគុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្មក្នុងស្រុកផងដែរ។
គម្រោងក្រោមជំនួយ SDC នេះ នឹងត្រូវអនុវត្តព្រមគ្នាជាមួយគម្រោង ២ ផ្សេងទៀតរបស់អង្គការ FAO ដែលនឹងសម្ពោធព្រមគ្នានៅថ្ងៃស្អែកនេះ។ គម្រោងទាំងពីរនេះ គឺជាគម្រោងដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការពង្រឹងសិទ្ធនិងសេដ្ឋកិច្ចរបស់ស្ត្រី និងគ្រួសារកសិកម្មដែលមាន ស្ត្រី ជា មេគ្រួសារ និងគម្រោងពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ៕
រក្សាសិទ្ធិដោយ៖CEN