ភ្នំពេញ ៖ ប្រិយមិត្តបានទទួលជ្រាបរួចហើយ ទាក់ទងនឹងរឿងរ៉ាវក្រុមអាជី និងអាម៉ី ដែលបានថតសម្តែងរឿង «ទុំទាវ ២០២១» ធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណី និងសិលធម៌សង្គម យ៉ាងធ្ងន់ធ្ងរ។
ពិតណាស់ ក្រោយរឿង «ទុំទាវ ២០២១» បង្កឲ្យមហាជនផ្ទុះកំហឹង ថ្កោលទោសស្ទើរពេញផ្ទៃប្រទេស នៅទីបំផុត ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក៏បានសម្រេចកោះហៅក្រុមនេះឲ្យចូលខ្លួនបំភ្លឺ កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ប៉ុន្តែ ក្រោយជំនុំដោះស្រាយអស់មួយព្រឹកធំ លទ្ធផលចុងក្រោយ គឺក្រសួងបានត្រឹមឲ្យក្រុមអាជី សុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យា៨ចំណុចបញ្ចប់រឿង។
ទោះយ៉ាងណា ក្រោយពីបានឃើញចំណាត់របស់ក្រសួងទៅលើក្រុមអាជី រាក់កំផែលបែបនេះ មហាជនក៏បាននាំគ្នារិះគន់ចំៗថា ក្រសួងប្រហែលជាត្រូវថ្នាំសណ្តំរបស់ក្រុមអាជី អាម៉ី ហើយ បានជាធ្វើចេញលទ្ធផលបែបនេះ ព្រោះថា បើនិយាយពីកំហុសវិញ គឺធ្ងន់ជាបុគ្គល ហេង យិន (ហៅចំប៉ីខ្មៅ) ទៅទៀត ដែលគ្រាន់តែប្រមាថពូជសាសនា ត្រូវជាប់គុក ២ ឆ្នាំ ដែលនេះប្រហែលជាចំប៉ីខ្មៅ ក្រអត់លុយ មិនដូចក្រុមអាជី លក់ឡេមួយថ្ងៃរកចំណូលបានពី ១០ ទៅ ២០ ម៉ឺនដុល្លារ ឯណោះ។
តែយ៉ាងណាមិញ ក្រោយរឿងនេះហាក់ស្ងប់ស្ងាត់ប៉ុន្មានថ្ងៃ ដែលគ្រប់គ្នាគិតថា ក្រុមអាជី តែប៉ុណ្ណេះរួចហើយ នៅពេលនេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ជាក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន ពិតជានៅមិនស្ងៀមនោះ ដោយលោកស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការលើឡើងនេះវិញ បើមិនដូច្នេះទេ លោកនឹងធ្វើដោយផ្ទាល់ខ្លួនឯងលោកតែម្តង។
ឧត្តមសេនីយ៍ឯក ហ៊ុន ជា បានបញ្ជាក់នៅលើបណ្តាញសង្គមឲ្យដឹងថា៖ «ខ្ញុំ ស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ បើស្ងាត់ឈឹងចឹងដើរចេញទៅ អស់លោក (តើខ្ញុំអាចដាក់ពាក្យបណ្ដឹង ទុំទាវ ២០២១ បានទេ ក្នុងនាមជាកូនខ្មែរ ម្នាក់ដែលនោះ?) តែខ្ញុំមិនចង់វែងឆ្ងាយនោះទេ ព្រោះប្រទេសមានច្បាប់ដែរតើ បាទ តោះតោះ ជិះកង់លេងវិញដើម្បីសុខភាព ហាហាហា ខ្មាស់កូនក្មេងណាស់»។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក៏បានសង្កត់ធ្ងន់បន្ថែមនៅក្នុងខមិនយ៉ាងដូច្នេះថា៖ «បើមិនមានចំណាត់ការរឿងហ្នឹងឡើងវិញទេ ខ្ញុំនឹងចាប់ផ្ដើមឲ្យមេធាវីខ្ញុំរៀបចំហើយ បងប្អូនជនរួមជាតិ បាទ វាឈឺ ណាស់ សម្រាប់ខ្ញុំបាទនឹងបងប្អូនដែលគោរពស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ នៃយើង បាទ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង