រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាព មួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការបើ ពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់សាសនាឥស្លាមផង។ នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីបុកល័ក្ត ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថាជាពិធី «ធ្វើធ្មេញ ឬធ្វើធ្មេញ បំពេញល័ក្ត ឬបុកល័ក្ត» ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ក្ត ឬកោសធ្មេញ»ក៏មាន។ ពិធីនេះជាទំនៀមទម្លាប់ តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុស កូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឺរ ប្រៃ ក្នុងជីវិតប្តីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ខ។
តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្ដតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះដោយមានការសម្តែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ។ រីឯការសម្ដែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចាម្ប៉ា ជនជាតិដើមភាគតិច ជាដើម។ល។ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា។
ទោះជាពិធីនេះស្ថិតក្រោមទម្រង់ណាមួយក៏ដោយ ក៏ក្នុងន័យដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និង របៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមអំពាវនាវដល់គ្រប់អ្នកសិល្បៈ និង អ្នករៀបចំពិធី សូមព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាន នូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សង្ឃឹមថាការចូលរួមគោរព និងអនុវត្តដោយទឹកចិត្តស្រឡាញ់ការពារ នឹងធ្វើឱ្យ វប្បធម៌ប្រពៃណីជាតិកាន់តែរុងរឿង និងគង់វង្ស៕រក្សាសិទ្ធដោយ៖សុទ្ធលី






