Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបញ្ជាការ ៖ ទោះ​ក្នុងតម្លៃ​ណា​ត្រូវការពារ​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព និង​ប្រឆាំង​ដាច់ខាត​បដិវត្តន៍

​ភ្នំពេញៈ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា កងយោធពល​ខេមរភូមិន្ទ គឺជា​ឆ្អឹងខ្នង​របស់​ប្រទេសជាតិ ហើយ​ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ ត្រូវការពារ​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព និង​ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌​, ការពារ​ប្រជាពលរដ្ឋ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង ការពារ​រដ្ឋធម្មនុញ្ញ សំដៅ​ប្រមូលផ្តុំ​នូវ​សក្តានុពល​ទាំងឡាយ ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ការ​ថ្លែង​បែបនេះ​របស់​នាយ​ឧត្ដមសេនីយ៍ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​និស្សិត​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​៩ នា​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​វិទ្យាស្ថាន​កងទ័ពជើងគោក​។

​នៅក្នុង​ឱកាស​នោះ ក្រៅពី​ការ​ថ្លែង​វាយតម្លៃ​អំពី​សមិទ្ធផល ដែល​វិទ្យាស្ថាន​កងទ័ពជើងគោក​សម្រេចបាន និង​ការថ្លែងអំណរគុណ​ចំពោះ​បក្ស រដ្ឋាភិបាល ប្រជាជន និង​កងទ័ព​រំដោះប្រជាជន​ចិន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាងច្រើន នៅក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា និង​ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​វិទ្យាស្ថាន​ទ័ពជើងគោក នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ បាន​រំលេច​ឡើង​ពី​តម្លៃ​សន្តិភាព ដែល​កើតចេញពី​មនុញ្ញផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន ហើយ​បានផ្តល់​ឱកាស​ដល់​សង្គម​កម្ពុជា​ធ្វើការ​អភិវឌ្ឍ និង​មាន​រីកចម្រើន​លើ​គ្រប់​វិស័យ​។

​បើតាម​នាយ​ឧត្ដមសេនីយ៍ «​អ្វីៗ​ទាំងអស់ គឺ​ត្រូវ​ចាប់ផ្តើម​ពី​សន្តិភាព​មុនគេ ដែល​យើង​ត្រូវបាន​ចំណាយ​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ពុះពារ​គ្រប់​ឧបសគ្គ រហូត​ហ៊ាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​សន្តិភាព​។ ក្នុងន័យនេះ កងយោធពល​ខេមរភូមិន្ទ ដែលជា​ឆ្អឹងខ្នង​របស់​ប្រទេសជាតិ ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ ត្រូវការពារ​ឱ្យបាន​រឹងមាំ​នូវ​សន្តិភាព និង​ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌​»​។

​សូមបញ្ជាក់ថា កម្មវិធី​ហ្វឹកហ្វឺន​និស្សិត​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​៩ មាន​ចំនួន​សរុប ២៣៦ នាក់ ក្នុងនោះ​មាន​និស្សិត​នារី ៤០ នាក់ ដោយ​ត្រូវធ្វើ​ការហ្វឹកហ្វឺន​ជាក់ស្ដែង​រយៈពេល​៤​ឆ្នាំ​។

​ក្នុងនាម​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ប្រសិទ្ធិ​នាម​វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​៩ ជា​ជំនាន់​«​តេ​ជោ​សន្តិភាព កម្ពុជា​-​ចិន​»​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ចំពោះ​លទ្ធផល​ដែល​និស្សិត​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​៩ សម្រេចបាន​នៅក្នុង​ការខិតខំ​រៀនសូត្រ ព្រមទាំង​បាន​ផ្តាំផ្ញើ​និស្សិត​នាយទាហាន​ទាំងអស់ ត្រូវ​បន្ត​ការសិក្សា​រៀនសូត្រ​តាម​គ្រប់​រូបភាព ដូចជា​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​ណេ​ត និង​បច្ចេកវិទ្យា​ទំនើប មានន័យថា «​រៀន​ហើយ​រៀន​ទៀត រៀន​គ្មាន​ទីបញ្ចប់ រៀន​ដើម្បី​ចេះ មិនមែន​រៀន​ដើម្បី​ចប់​» និង​មាន​សេចក្តី​អំណត់ តស៊ូ​ព្យាយាម ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុង​ការងារ​។

នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន បន្ត​ចូលរួម​សហការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល និង​ត្រៀមខ្លួន​ការចាក់​វ៉ាក់សាំង​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

×