កាមេរ៉ាសុវត្ថិភាពនៅសណ្ឋាគារមួយក្នុងប្រទេសឥណ្ឌា បានចាប់បានពីខណៈពេលដែលសត្វតោ១ក្បាល បានផ្លោះចូលតាមច្រកទ្វារធំ ហើយដើរចូលបរិវេណសណ្ឋាគារ។
កាមេរ៉ាសុវត្ថិភាពនៅឯសណ្ឋាគារ Sarovar Portico ក្នុងទីក្រុង Junagadh រដ្ឋ Gujarat ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា បានបង្ហាញសត្វតោ១ក្បាលនោះ បានលោតតាមទ្វារខាងមុខសណ្ឋាគារ រហូតដល់មានការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខនៅម៉ោងជាង ៥ ព្រឹកថ្ងៃចន្ទ។
តែទោះយ៉ាងណា ក្រោយសត្វតោនេះបានដើរទៅដល់កន្លែងចតរថយន្ត វាក៏បានចាកចេញមកវិញប្រហែលមួយនាទីក្រោយមក។
លោក Sanjay Koradia អ្នកគ្រប់គ្រងសណ្ឋាគារ Sarovar Portico ក្នុងទីក្រុង Junagadh បានប្រាប់ The Indian Express ថា៖ អ្នកយាមទ្វារបានប្រុងស្មារតី និងរក្សាភាពស្ងៀមស្ងាត់ នៅពេលសត្វតោចូលក្នុងបរិវេណសណ្ឋាគារ។ តាមរយៈ intercom គាត់បានព្រមានបុគ្គលិកផ្សេងទៀតអំពីវត្តមានរបស់សត្វនៅក្នុងសណ្ឋាគារ ដោយសុំឱ្យពួកគេបិទទ្វារ ក៏ដូចជាបង្អួចផងដែរ។
លោក Koridia បាននិយាយថា គ្មានការប្រឈមមុខដាក់គ្នារវាងតោ និងមនុស្ស នៅក្នុងបរិវេណសណ្ឋាគារទេ។
លោក Koradia បាននិយាយថា “រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា សត្វតោនោះហាក់ដូចជាវង្វេងផ្លូវ ហើយបានចាកចេញពីទីតាំងសណ្ឋាគារភ្លាមៗ នៅពេលវាត្រូវបានគេដឹងថាវាកំពុងដើរខុសទិសដៅ។
អ្នកចាត់ការទូទៅរូបនេះបានបន្ថែមទៀតថា មានភ្ញៀវជាច្រើនស្នាក់នៅសណ្ឋាគារ នៅពេលដែលសត្វតោនោះចូល «មកលេង» ប៉ុន្តែ ចាប់តាំងពីព្រឹកព្រលឹម ពួកគេភាគច្រើនកំពុងគេងនៅក្នុងបន្ទប់ នេះចាត់ទុកជាសំណាងមួយផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង