ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០នេះ មន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធបច្ចេកវិទ្យារួមមាន ៖បញ្ចូលសវតារជាតិជនសង្ស័យ និងរូបថត ស្គេនខ្ចៅដៃចំនួន ១៥.៨៥៦នាក់ (ស្រី៨០២នាក់) ស្មើ ៨.០៨០ករណីលើ៩០២៤ករណី ស្មើនឹង ៨៩.៥៥% និងបញ្ចូលវត្ថុតាងគ្រឿងញៀន សរុប ៣៣៥៥គីឡូក្រាម ៤៣២.៥០ក្រាម ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា «ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្ក្រាបគ្រឿងញៀន និងរក្សាបាននូវព័ត៌មានរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តបទល្មើសនោះ»។
ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ប្រចាំឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការលើកសរសើរដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ។ ឯកឧត្តម ក៏បានលើកទឹកចិត្តជូនរង្វាន់ដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលមានស្នាដៃ និងឲ្យដាក់បញ្ចូលក្រុមបញ្ចូលទិន្នន័យនេះ ទៅក្នុងការចូលរួមក្នុងកិច្ចប្រតិបត្តិការផងដែរ ដើម្បីឲ្យពួកគេបានការលើកទឹកចិត្តបន្តទៀត ។
ដើម្បីឲ្យការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាមានប្រសិទ្ធបន្ថែមទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានដាក់ចេញនូវទិសដៅបន្ត ចំនួន៤ចំណុច ៖ ១-បន្តធ្វើបច្ចុប្បន្នភាព (UPDATE) ប្រព័ន្ធបច្ចេកទេស (Database System) មានដូចជា ៖ មុខងារស្គេនមុខ និងបង្កើត APP STORE និង PLAY TSORE សម្រាប់ប្រើប្រាស់លើទូរស័ព្ទដៃ ២-បង្កើនការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន ស្គេនខ្ចៅដៃជនល្មើសទៅក្នុងប្រព័ន្ធបច្ចេកទេសឲ្យបាន១០០%(អនុវត្តជាប្រចាំ)។ ៣-ធ្វើរបាយការណ៍បូកសរុបលទ្ធផលអនុវត្តលើកប្រព័ន្ធបច្ចេកវិទ្យាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំ និង៤-ត្រៀមបន្តបើកវគ្គបណ្តុះបណ្តាលខ្លីៗបន្ថែម ដល់មន្ត្រីជំនាញដែលគ្រប់គ្រងប្រព័ន្ធបច្ចេកទេស (Database System) នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។
អគ្គស្នងការរងនគរបាលជាតិ បានស្នើឲ្យមន្ត្រី នគរបាលទាំងអស់យកចិត្តទុក ដាក់បន្ថែមទៀត ពាក់ព័ន្ធវីរុសកូវីដ១៩ ដោយសារបច្ចុប្បន្ននេះ មេរោគមួយនេះ បានបំប្លែងពីមេរោគចាស់ទៅជាមេរោគថ្មី ។ ដូច្នេះត្រូវតែអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពិសេសទៅទៀតបើមានបងប្អូន ឬសាច់ញាតិជាពលករ ឬមកពីក្រៅប្រទេស ត្រូវណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័កឲ្យបាន១៤ថ្ងៃ មុនពេលដែលពួកគាត់ដើរចេញទៅខាងក្រៅ ។
បើតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះ មន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធបច្ចេកវិទ្យារួមមាន ៖ ១-បញ្ចូលសវតារជាតិជនសង្ស័យ និងរូបថត ស្គេនខ្ចៅដៃចំនួន ១៥.៨៥៦នាក់ (ស្រី៨០២នាក់) ស្មើ ៨.០៨០ករណីលើ៩០២៤ករណី ស្មើនឹង ៨៩.៥៥%។ ២-បញ្ចូលមុខសញ្ញាសេសសល់ចំនួន ១.៥៨៥នាក់ (ស្រី១១២នាក់) ក្នុងនោះគ្មានដីកា១.២២៦នាក់ (ស្រី១០១នាក់) មានដីកាចំនួន ៣៥៩នាក់ (ស្រី១១នាក់)។ ៣-បញ្ចូលវត្ថុតាងគ្រឿងញៀន សរុប ៣៣៥៥គីឡូក្រាម ៤៣២.៥០ក្រាម ។ ៤-សម្ភារចាប់យក រថយន្ត១០៥គ្រឿង ម៉ូតូ១៧៥៨គ្រឿង ទូរស័ព្ទ៥៥២៦គ្រឿង អាវុធខ្លី ២៣ដើម និងអាវុធវែង ៦ដើម។
លោកឧត្តមសេនីយ៍ទោនាយករងមន្ទីរ បានបន្ថែមថា បណ្តាស្នងការដ្ឋានរាជធានី-ខេត្តចំនួន៩ ដែលបានបំពាក់កុំព្យូទ័រ និងឧបករណ៍ស្គេនខ្ចៅដៃរួមមាន ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង, មណ្ឌលគិរី, ព្រះវិហារ, ព្រៃវែង, រតនគិរី, ស្ទឹងត្រែង, ឧត្តរមានជ័យ, កែប និងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ