ភ្នំពេញ៖ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបង្កើតច្រកទ្វាអ៊ីនធឺណែតជាតិ ( National Internet Gateway)។
បើតាមសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៣ អនក្រ .បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី ការបង្កើតច្រកទ្វារអឺនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្កេតឃើញថា មានប្រតិកម្មមួយចំនួនពីសំណាក់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដែលលើកឡើងថា រាជរដ្ឋាភិបាលមាន គោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងយកតាម គំរូរបស់ប្រទេសចិន។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់ ជ្រាបថា៖
១. ការចោទប្រកាន់អំពីការបង្កើតច្រកទ្វារអឺនធឺណិតជាតិនេះ គឺគ្មានមូលដ្ឋាន មានចរិតនយោបាយ ផ្ទុយនឹងការពិត ហើយខុសពីគោលបំណងដែលបានចែងក្នុងអនុក្រឹត្យនេះ។
២. ច្រកទ្វារអឺនធឺណិតជាតិត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំ បង្កើតនៅកម្ពុជានោះទេ។
៣.ការរៀបចំអនុក្រឹត្យស្តីពីច្រកទ្វារអឺនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហ និងមានការពិគ្រោះ យោបល់ជាមួយអ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក។
៤. ការរៀបចំបង្កើតច្រកទ្វារអឺនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ ដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអឺនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាដើម។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមគូសបញ្ជាក់ជាថ្មីថា មិនមានបទប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យនេះ ចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ។ ទន្ទឹងនឹងនេះ ក្រសួងគ្រោង នឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន (Personal Data Protection Law) បន្ទាប់ពីសេចក្តីព្រាង ច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity Law) ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ខែកុម្ភៈ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យ ស្ដីពី ការបង្កើតច្រកទ្វារអ៊ីនធឺណេតជាតិ ដើម្បីសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណេតក្នុងប្រទេស និងអន្តរជាតិ។
អនុក្រឹត្យនេះ កំណត់អំពីការបង្កើតច្រកទ្វារអឺនធឺណិតជាតិ ក្នុងគោលបំណងសម្រួលនិងគ្រប់គ្រងការ តភ្ជាប់ បណ្តាញអឺនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញនិងប្រតិបត្តិការ សេវាអឺនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា។ត្រូវបានបង្កើតច្រកទ្វារអឺនធឺណិតជាតិ ដើម្បីសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្តាញអឺនធឺណិតក្នុងប្រទេសនិងអន្តរជាតិ។
ច្រកទ្វារអឺនធឺណិតជាតិរួមមាន ច្រកទ្វារអឺនធឺណិតក្នុងប្រទេស សម្រាប់ផ្លាស់ប្តូរទិន្នន័យអឺនធឺណិតក្នុងប្រទេស និងច្រកទ្វារអឺនធឺណិតអន្តរជាតិ សម្រាប់ផ្លាស់ប្តូរទិន្នន័យអឺនធឺណិតក្នុងប្រទេសនិងអន្តរជាតិ ។ ច្រកទ្វារអឺនធឺណិតក្នុងប្រទេស និងច្រកទ្វារអឺនធឺណិតអន្តរជាតិ នៃច្រកទ្វារអឺនធឺណិតជាតិ ត្រូវធ្វើប្រតិបត្តិការ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ និងក្រុងបាវិតនៃខេត្តស្វាយរៀង និងនៅ ទីតាំងមួយចំនួនទៀតស្របតាមតម្រូវការជាក់ស្តែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរសេរកាត់ថាក.ប.ទ.។
ផ្នែកទី២រាល់ការអនុញ្ញាតលើការតភ្ជាប់បណ្តាញរូបវន្តឆ្លងកាត់ព្រំដែនមុនពេលអនុក្រឹត្យនេះចូលជាធរមាន ត្រូវចាត់ ទុកជានិរាករណ៍ក្នុងរយៈពេល១២ (ដប់ពីរ)ខែ បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន លើកលែងតែសិទ្ធិដែលត្រូវបាន ផ្ដល់ក្រោមអាជ្ញាបណ្ណប្រតិបត្តិការច្រកទ្វារទូរគមនាគមន៍អន្តរជាតិនិងអាជ្ញាបណ្ណប្រតិបត្តិការស្ថានីយឡើងគោកនៃ ខ្សែកាបអុបទិកក្រោមបាតសមុទ្រ។
ប្រតិបត្តិករដែលបានទទួលអាជ្ញាបណ្ណច្រកទ្វារទូរគមនាគមន៍អន្តរជាតិនិងអាជ្ញាបណ្ណប្រតិបត្តិការស្ថានីយ ឡើងគោកនៃខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងប្រតិបត្តិករផ្ដល់សេវាអឺនធឺណិត ដែលកំពុងតភ្ជាប់បណ្តាញនិង លក់ដុំសេវាអឺនធឺណិតដោយផ្ទាល់ ត្រូវបង្វែរមកឆ្លងកាត់ច្រកទ្វារអឺនធឺណិតជាតិឱ្យបានជាស្ថាពរក្នុងរយៈពេល១២ (ដប់ពីរ)ខែ បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន។
ប្រតិបត្តិករផ្ដល់សេវាអឺនធឺណិតនិងបុគ្គលពាក់ព័ន្ធត្រូវតភ្ជាប់និង អឺនធឺណិតជាតិឱ្យបាន /ឬភៀរីងបណ្ដាញរបស់ខ្លួនទៅច្រកទ្វារ ជាស្ថាពរក្នុងរយៈពេល១២(ដប់ពីរ)ខែ បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសង្គមស៊ីវិល មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលត្រូវបានប្រកាសឱ្យប្រើ កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈនេះ និងស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាកណ៍អនុក្រឹត្យនេះ ។ នៅពេលដែលត្រូវបានអាជ្ញាធរដ្ឋអនុវត្ត អនុក្រឹត្យនេះ នឹងរឹតត្បិតទៅលើសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ សិទិ្ធក្នុងការទទួលបានព័ត៌មាន សិទិ្ធលើឯកជនភាព ភាពប្រកួតប្រជែងនៃក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា ដែលនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។
ជាមួយគ្នានេះដែរ យើងបានពិនិត្យឃើញថាការបង្កើតអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិនឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ច ជាពិសេសលើភាពប្រកួតប្រជែងតាមប្រព័ន្ធអេឡិចត្រូនិកដែលកំពុងរីកចម្រើននៅកម្ពុជា ។ ការឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិតែមួយពីគ្រប់ប្រតិបត្តិការរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងអស់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនពីគ្រប់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ដល់ប្រជាពលរដ្ឋកម្ពុជា ។
លើសពីនេះទៅទៀត ការបង្កើតច្រកទ្វារតែមួយបែបនេះ ក៏អាចបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់រវាងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតផងដែរ ។ ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ ត្រូវបានគេជឿជាក់ថា អាចផ្តល់សិទិ្ធអំណាចដល់អាជ្ញាធររដ្ឋក្នុងការអន្តរាគមន៍ទៅលើប្រតិបត្តិការនៃការផ្តល់សេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុនអ៊ីនធឺណិតឯកជន ដោយអាចបង្កភាពងាយស្រួល ឬអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតណាមួយដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋ និងអ្នកមានអំណាច ផ្តល់នូវសេវាអ៊ីនធឺណិតល្បឿនលឿនជាងក្រុមហ៊ុនសេវាអ៊ីនធឺណិតដទៃទៀត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ