ប្រិយមិត្តដែលនិយមតាមដានជីវិតរបស់អ្នកសិល្បៈ ប្រាកដណាស់បានស្គាល់យ៉ាងច្បាស់ហើយ ពីតារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ ដែលកំពុងមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្បៈរបស់កម្ពុជា នាពេលបច្ចុប្បន្ន។ អ្វីដែលធ្វើឲ្យរូបនាងទទួលបាននូវការចាប់អារម្មណ៍ពីមហាជននោះ គឺត្រង់ថា គង់ ចាន់ស្រីមុំ គឺជាតារាស្រីមួយរូប ដែលចូលចិត្តតុបតែងខ្លួន ជាពិសេសការស្លៀកពាក់បែប Fashion ប្លែកៗទាន់សម័យជានិច្ច។
ប៉ុន្តែ ទន្ទឹមនឹងនេះផងដែរ កាលពីពេលកន្លងមក គេតែងសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នាំគ្នារិះគន់ច្រើនលើកច្រើនសារថា នាងចូលចិត្តតុបតែងខ្លួនតាមតារាបរទេស ជាពិសេសគឺតារាថៃតែម្តង។
តួយ៉ាងណា ដូចនៅក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ កន្លងទៅនេះជាដើម អ្នកនាង គង់ ចាន់ស្រីមុំ បានស្លៀកឈុតពណ៌ក្រហមដូចក្រម៉ា រំលេចចេញសាច់ចង្កេះ និងឆែកចំហៀងខាងមុខមួយឈុតយ៉ាងទាក់ទាញ។ ប៉ុន្តែ ទន្ទឹមនោះផងដែរ ក៏ស្រាប់តែមានអ្នកចូលចិត្តតាមម៉ូត (fashion) មួយចំនួន ផ្ទុះការចាប់អារម្មណ៍ និងចាប់ផ្តើមបំផុសការរិះគន់ថា ឈុតដែល គង់ ចាន់ស្រីមុំ ស្លៀកនោះ គឺដូចបេះដាក់ទៅនឹងឈុតរបស់តារាសម្តែងស្រីថៃនាង ម៉ៃ ដាវីកា (Mai Davika) ដែលធ្លាប់បានស្លៀកកាលពីពេលថ្មីៗកន្លងទៅយ៉ាងដូច្នេះដែរ ដែលរហូតធ្វើឲ្យអ្នកខ្លះចំអកឲ្យថា គង់ ចាន់ស្រីមុំ ដូចខ្វះម៉ូតស្លៀក បែរជាមកស្លៀកតាម ឬ Copy ស្ទាយល៍តែពីតារាថៃអីក៏យ៉ាងហ្នឹង។
យ៉ាងណាមិញ ក្រោយពីបានឃើញមហាជនមួយចំនួន កាន់តែនាំគ្នារិះគន់ថាខ្លួនចម្លងស្ទាយល៍ពីតារាថៃបែបនេះ ស្រាប់តែភ្លាមៗនាថ្ងៃទី១៤ កុម្ភៈ ដដែល គង់ ចាន់ស្រីមុំ ក៏បានឡាយវីដេអូធ្វើការបកស្រាយ និងក៏ដូចពន្យល់ទៅកាន់អ្នករិះគន់ខ្លួន ឲ្យចែកគ្នាឲ្យដាច់រវាងពាក្យថា Copy និង Fashion ស្រឡាញ់ស្ទាយល៍ ឬ ការដើឲ្យទាន់សម័យកាល។ នាងសូមលើកហេតុផលថា តួយ៉ាង អ្នកត្រូវការពាក់ ដូចជាឈុតតម្លៃ ៥០០ ដុល្លារ នេះអ៊ីចឹង គឺតារាស្រុកក្រៅគេពាក់រួចហើយៗ ហើយតារាស្រុកថៃគឺមាន ម៉ៃ ដាវីកា ពាក់ផងដែរ។ ប៉ុន្តែ ឈុតនេះ គឺអតិថិជន (ឬម្ចាស់ពាណិជ្ជកម្ម) តម្រូវឲ្យនាងស្លៀក ដើម្បីថតផ្សព្វផ្សាយពីម៉ូដរបស់វាប៉ុណ្ណោះ។ ហេតុនេះ នាងចង់សួរថា តើ ម៉ៃ ដាវីកា ពាក់ គឺនាងមិនអាចពាក់បានដែរមែន? ព្រោះថាវាគឺជាតួនាទីរបស់នាងក្នុងនាមជាតារា ដើម្បីថតផ្សព្វផ្សាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង