ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត បងប្អូនជនរួមជាតិ បានទទួលជ្រាបរួចហើយ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារយ៉ាងពិសេស ទាក់ទងទៅនឹងករណីផ្ទុះកូវីដ១៩ ឆ្លងចូលសហគមន៍ជាលើកទី៣ ដែលសម្តេចបានប្រសិទ្ធិនាមថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
ទាក់ទងនឹងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ លើកទី៣នេះផងដែរ ក្នុងនោះចំណុចចាប់ផ្តើមនៃការរីករាលដាលឆ្លងសហគមន៍ គឺផ្តើមឡើងនៅក្លឹប N8 នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបណ្តោះអាសន្ន។ ហើយករណីនេះទៀតសោះ គឺត្រូវបានគេជឿជាក់ថា អាចដោយសារតែស្ត្រីជនជាតិចិន៤ នាក់ បានលួចចេញពីសណ្ឋាគារមួយ ( កន្លែងធ្វើចត្តាឡីស័ក ) មកកម្សាន្តខាងក្រៅ រួចហើយទើបត្រឡប់ចូលទៅ ធ្វើ ចត្តា ឡីស័កវិញ ដែលបង្កឲ្យឆ្លងរីករាលទ្រង់ទ្រាយធំវិជ្ជមានកូវីដ១៩ រហូត ៣២ ករណី ដែលមិនធ្លាប់មែន ក្នុងត្រឹមរយៈពេលតែ ១០ ម៉ោងប៉ុណ្ណោះ។ ជាក់ស្តែង ស្ត្រីជនជាតិ២នាក់ក្នុងចំណោមស្ត្រីទាំងនោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។
ជាមួយគ្នានេះដែរ មហាជននៅលើបណ្ដាញសង្គមហ្វេសប៊ុក ពិតមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង នៅពេលបានឃើញវីដេអូបែកធ្លាយមួយ បង្ហាញឲ្យឃើញពីស្ត្រីម្នាក់ ខណៈកំពុងធ្វើចត្តាឡីស័ក នៅសណ្ឋាគាមួយកន្លែង ក្នុងទីក្រុងភ្នំពេញ បែរជាត្រូវបានសន្តិសុខបើកដៃឲ្យចេញក្រៅសណ្ឋាគារ។ ហើយជាលទ្ធផល គឺស្ត្រីម្នាក់នោះត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩។
ក្រោយពីបានឃើញបែបនេះ មហាជនពិតមានជាសម្តែងការខឹងសម្បារជាខ្លាំង ចំពោះទង្វើរមិនទទួលខុសត្រូវរបស់ស្ត្រីជនជាតិចិនរូបនោះ និងសន្តិសុខ។ ទាក់ទងនឹងករណីនេះផងដែរ ក្នុងនោះ លោកឧកញ៉ា ឌួង ឆាយ ព្រោះតែខឹងខ្លាំងពេក ក៏បានលើកឡើងបែបនេះថា៖ «បញ្ហាកូវីដ-១៩ ដូចខ្ញុំធ្លាប់តែងតែនិយាយក្នុងឡាយវីដេអូចឹង យើងភ្លេចកូវីដ-១៩ ប៉ុន្តែកូវីដ-១៩ មិនភ្លេចយើងទេ។ តើសន្តិសុខឯកជន និងក្រុមស្ត្រីជនជាតិចិនដែលបានធ្វើអោយឆ្លងជំងឺមេរោគប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសន្តិសុខជាតិ នឹងមានទោសកំរិតណា។ សូមពូមីងបងប្អូនប្រយ័ត្នកូនតូចៗអានិតគ្នាណាស់ សូមពាក់ម៉ាស់ លាងដៃអោយបានជាប់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង