ភ្នំពេញ ៖ ការចុះជួបពលកខ្មែរពីមន្ត្រីទូតខ្មែរបានធ្វើឡើងនៅព្រឹកថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ២០២១ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានដឹកនាំក្រុមការងារស្ថានទូត។
ឯកឧត្តមកុយ គួងអ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថាក្នុងការចុះជួបសំណេះសំណាល អប់រំពន្យល់ណែនាំ ផ្ទាល់ និងនាំយកអំណោយដែលជាគ្រឿងឧភោគបរិភោគចែកជូនដល់បងប្អូនពលករខ្មែរចំនួន ១៥០គ្រួសារ (ក្នុងចំណោម ពលករខ្មែរ ចំនួន ២ ម៉ឺន នាក់ ដែលកំពុង រស់នៅ និងធ្វើការ នៅខេត្តរ៉ាក់យ៉ង) ដែលកំពុងជួបការខ្វះខាតខ្លាំងដោយសារការរីករាល ដាលជំងឺកូវីដ-១៩។
ឯកឧត្តមបន្តថា ក្នុងពេលសំណេះសំណាលមន្ត្រីទូតបានពាំនាំប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនពលករ នៅថៃ។
មន្ត្រីទូតក៏បានស្នើបងប្អូនពលករកុំចល័ត ឬលួចឆ្លងដែនដោយខុសច្បាប់ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូននិងក្រុមគ្រួសារផ្ទាល់ និងបង្កហានិភ័យនៃការចម្លងកូវីដ ១៩ ចូល ក្នុងសហគមន៍នៅកម្ពុជាផង។
កុំគេចវេះការធ្វើចត្តាឡីស័ក ទោះបីបងប្អូនគេចវេះ ក៏អាជ្ញាធរមូលដ្ឋានតាមរកឲ្យយកទៅធ្វើចត្តាឡីស័កវិញដែរ និងទទួលរងការផាកពិន័យ ចាប់ពី ១ លាន ទៅ ៥ លានរៀល ។
មន្ត្រីទូតក៏បាននាំយកកំព្យូទ័រ ព្រីនទ័រ និងត្រា ដើម្បីផ្តល់សេវាបញ្ជាក់ ឯកសារជូនបងប្អូននៅនឹងកន្លែងជួបសំណេះសំណាលបានចំនួន ៣៣ នាក់។ ស្នើសុំ បងប្អូនពលករទាំងអស់បន្តចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស វិធានការការពារកូវីដ១៩ ៣ ការពារ និង ៣ កុំ ផងដែរ៕ រក្សាសិទ្ធិដោយ៖CEN