ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រ និងក៏ដូចអ្នកនិយមតាមដានខាងវិស័យសិល្បៈ ប្រាកដណាស់ជាបានដឹងរួចហើយ ទាក់ទងនឹងកំពូលតារាចម្រៀង មាស សុខភាព ដែលបានតែលតោលអស់មួយរយៈធំ ក្រោយសម្រេចចិត្តចាកចេញពីទ្រនំចាស់ «ផលិតកម្មថោន» ហើយក៏ធ្លាប់មានពាក្យចចាមអារាមថា នាងអាចនឹងចូល ហង្សមាស ឬ Galaxy នៅទីបំផុត មាស សុខសោភា បានក្លាយជាតារាចម្រៀងឈានមុខ នៅក្នុងផលិតកម្ម «រាម» ជាផ្លូវការ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។
យ៉ាងណាមិញ នៅក្នុងសន្នីសីទសារព័ត៌មាន ដែលទទួលផលិតកម្ម «រាម» ទទួលស្វាគមន៍យ៉ាងអធឹកអាធម ក្នុងរាត្រីនោះ កំពូលតារាចម្រៀង មាស សុខភា បញ្ជាក់ថា នាងមានហេតុផលច្រើន ចំពោះ ការសម្រេចចិត្តមួយនេះ ក្នុងនោះ ហេតុផលមួយសំខាន់ គឺនាងបានរកឃើញកន្លែង ដែលមានការប្ដេជ្ញា ចិត្តខ្ពស់ ចំពោះ ភាពរីកចម្រើននៃ សិល្បៈ ខ្មែរ។
ចំពោះការសម្រេចចិត្តនេះទៀតសោត កញ្ញា សុខសោភា ក៏បាននិយាយចេញពីចិត្តត្រង់ៗថា៖ «នេះអាចជា រឿងចៃដន្យដែរ ពេលមួយខ្ញុំបានជួបបងអគ្គនាយិកា (អ្នកនាងស្រីអូន) នៅក្នុងពិធីមួយ ហើយគាត់ក៏ជជែកគ្នាលេង និងបានសួរចិត្ត ថាតើចង់ការចូលរួមជាមួយគាត់ ហើយក្រោយពីបានជជែកគ្នា យូរទៅ ខ្ញុំក៏សម្រេចចិត្តភ្លាម ព្រោះ មិនងាយបានជួបអ្នកដែលមានចិត្តដូចគ្នា ពោលគឺចិត្តបេះដូង និងគោលដៅ តែ មួយ គឺយើងស្រឡាញ់សិល្បៈ ដូចគ្នា ធ្វើ អ្វីដើម្បីសិល្បៈ មិនដែលចង់បានអ្វីពីសិល្បៈ មកវិញទេ ហើយគាត់ដូចគ្នា អីចឹងៗ ខ្ញុំដូចអត់ចាំបាច់គិតយូរទេ ខ្ញុំសម្រេចចិត្តភ្លាម តែ ៤ ទៅ៥ម៉ោង ក្រោយជជែកជាមួយគាត់…»។
ហេតុផលមួយទៀត គឺថាផលិតកម្ម «រាម» បានចាត់ទុក សោភា ដូចជារាជនីម្នាក់អ៊ីចឹង ក្នុងនោះបើការបញ្ជាក់ពីអគ្គនាយិកាអ្នកនាង នួន សុន្ទរី (ហៅស្រីអូន) បានឲ្យដឹងថា «រាម» បានត្រៀមចំណាយសម្រាប់ការគាំទ្រវត្តមាន សោភា មិនធម្មតានោះទេ គឺច្រើនណាស់។
ដោយឡែក និយាយរឿងមូលហេតុចុះកុងត្រាវិញ តារាចម្រៀងស្រីដែលចូលចិត្តជីវិតឯករាជ្យរូបនេះ បាននិយាយគួរឲ្យភ្ញាក់ផ្អើលថា ពីមុនៗ គឺរូបនាងបានចុះកុងត្រាពិតមែន ប៉ុន្តែ ចុះកុងត្រា «បេះដូង» ប៉ុណ្ណោះ តែបើបេះដូងនាង អស់ការស្រឡាញ់ហើយ គឺត្រូវតែចាកចេញ។ ចំណែកលើកនេះ កញ្ញា សោភា និយាយថា ការសម្រេចចិត្តចុះកុងត្រាដ៏មិនធ្លាប់មានពីមុនមកនេះ គឺរយៈពេល១ឆ្នាំ រីក៏អាចនិយាយបានថាជាលើកចុងក្រោយ អស់មួយជីវិតក៏ថាបាន ដែលរូបនាងនឹងត្រូវរួមរស់សុខទុក្ខជាមួយអ្នកនាងស្រីអូន ព្រោះថា «រាម» បានធ្វើរឿងដ៏ធំធេងសម្រាប់រូបនាង ហេតុនេះ នាងនឹងត្រូវតបស្នងនូវក្តីស្រឡាញ់ ស្មោះស័គ្រ ចំពោះផលិតកម្មវិញ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រៅពីកញ្ញា មាស សុខសោភា ចូលផលិតកម្មរាម ជាផ្លូវការ ក្នុងនោះ ក៏មានវត្តមានតារាចម្រៀងប្រុសវ័យក្មេង ទឹកដមសំឡេងផ្អែមស្រទន់ ដួង វីរៈសិទ្ធ ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង