ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន គ្រប់រាជធានីខេត្ត ទាំងអស់ត្រូវអនុវត្ត នីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលប្រភពនៃការកែច្នៃយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាំឱ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមពី សមាជិកគណៈកម្មាធិការ និងអនុគណកម្មការ និងអគ្គលេខាធិការ និងលេខាធិការដ្ឋាននៃគណកម្មាធិការ។
កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ ដែលចងក្រងដោយគណៈកម្មាធិការ។ របាយការណ៍នេះ ផ្តោត សំខាន់ទៅលើបញ្ហាចំបងនានា ទាក់ទងនឹងការតាក់តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ និង ឯកទេសជំនាញ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្ម របស់សាធារណជន បញ្ហានិងភាពប្រឈម ផែនការ និងទិសដៅអនុវត្តការងារបន្ត។
យោងតាមរបាយការណ៍នេះ លោកទេសរដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា៖ គ្រោះថ្នាក់ចរាចរណ៍ខែ មករា-កុម្ភៈ ឆ្នាំ២០១៨ បានកើតឡើងចំនួន៥២៩លើក បណ្តាលឱ្យស្លាប់ចំនួន១៦៨នាក់ និងរបួសចំនួន ៧៤៤នាក់ ជាមធ្យមជនរងគ្រោះស្លាប់ក្នុងមួយថ្ងៃចំនួន ៥.៦នាក់ និងរបួសចំនួន១៣,៥នាក់ ប្រៀបធៀប នឹងខែមករា-កុម្ភៈ ឆ្នាំ២០១៧កន្លងទៅ គ្រោះថ្នាក់បានថយចុះចំនួន៨១លើក ស្មើនឹង១៣%។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យមន្ត្រីក្រោមឱវាទត្រូវពិនិត្យនីតិវិធីចេញប័ណ្ណបើកបរ ឡើងវិញឱ្យបានត្រឹមត្រូវ ដែលជាដើមចងមួយធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ទន្ទឹមនឹងនេះលោកទេសរដ្ឋមន្ត្រីក៏បាន ស្នើសុំអោយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូន តាមដងផ្លូវ រឹតបន្តឹងការត្រួតពិនិត្យ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប័ណ្ណបើកបរ និងប័ណ្ណសម្គាល់យានយន្ត ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើការរៀបចំលិខិតបទដ្ឋានដែលតម្រូវអោយ យានយន្តដឹកទំនិញ និងរថយន្តធុនធំ ត្រូវមានបិទចំណាំងផ្លាតសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដើម្បី ការពារអាយុជីវិតអ្នកបើកបរពេលយប់ ពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរចំពោះសមាជិកសមាជិកា គណៈកម្មាធិការ ក៏ដូចជាក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់ ដែល បានខិតខំប្រឹងប្រែងអនុវត្តការងារ ប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុម ការងារខិតខំប្រឹងប្រែងការងារបន្តទៀត ដើម្បីកម្ពុជាគ្មានរថយយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់កម្រិតកំណត់៕ ដោយ៖បញ្ញាស័ក្តិ