Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ក្នុង​ការបន្ត​ផ្តល់​ជំនួយឥតសំណង​ប្រមាណ​ជា​២​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ស្តារឡើងវិញ​នូវ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​នា​ខែតុលា​

​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ក្នុង​ការបន្ត​ផ្តល់​ជំនួយឥតសំណង​ចំនួន​២០៩​លាន​យ៉េន ប្រមាណ​ជា​២​លាន​ដុល្លា​អាមេរិក ដល់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ក្នុង​គោលបំណង​ស្តារឡើងវិញ​នូវ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​នា​ខែតុលា​ឆ្នាំ​២០២០ ដែល​បាន​បង្ក​ជាការ​ខូចខាត​ដល់​មនុ​ស្ស និង​ទ្រព្យសម្បត្តិ​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ជំនួយឥតសំណង​នៃ​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​ក្រសួងមហាផ្ទៃ​, នៅក្នុង​ពិធី​ប្រគល់​ជំនួយឥតសំណង ឯកឧត្តម មិ​កា​មិ មាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកស្រី ឃ្លែ​រ កូ​ណាន់ តំណាង និង​ជា​នាយិកា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា ដោយមាន​វត្តមាន​ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​កម្ម​ធិ​ការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) ចូល​រូ​ម​ជា​សាក្សី​។

ឯកឧត្តម មិ​កា​មិ មាសា​ហ៊ី​រ៉ូ បាន​ថ្លែងថា គម្រោង​នេះ​នឹងធ្វើ​ការវាយតម្លៃ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ដ៏​ទូលំទូលាយ​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់ ហើយ​តាមរយៈ​ជំនួយ​នេះ គម្រោង​នឹងធ្វើ​ការគាំទ្រ​ដល់​ការស្តារ​ឡើងវិញ​របស់​សហគមន៍​តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដូចជា​ប្រព័ន្ធធារាសាស្ត្រ និង​ផ្លូវ​តាម​ទីជនបទ​។ ឯកឧត្តម មិ​កា​មិ មាសា​ហ៊ី​រ៉ូ សង្ឃឹមថា គម្រោង​នេះ​នឹង​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​សន្តិសុខ​ស្បៀង សម្រាប់​ក្រុមគ្រួសារ​និង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ហើយ​រួមចំណែក​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។

​ក្នុងឱកាស​នោះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​បាន​រង​ឥទ្ធិពល​ពី​គ្រោះទឹកជំនន់​កាលពី​ខែតុលា​ឆ្នាំ​២០២០​កន្លងទៅ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ជាច្រើន​គ្រួសារ​នៅ​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដែល​ក្នុង​នោះបាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និង​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម បានបញ្ជាក់​បន្តថា តាមរយៈ​គម្រោង​នេះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នេះ​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ គ​.​ជ​.​អ​.​ប និង​ដៃគូ​នានា ដើម្បី​ធ្វើការ​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ ទៅលើ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅក្នុង​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ និង​គាំទ្រ​ដល់​ការស្តារ​សហគមន៍​ឡើងវិញ តាមរយៈ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត និង​ការពង្រឹង​សមត្ថភាព​ធ្វើ​ផែនការ និង​ចំណេះដឹង​មូលដ្ឋាន​ស្តីពី​សន្តិសុខ​ស្បៀង ការត្រៀម​បង្ការ និង​ការកាត់បន្ថយ​គ្រោះមហន្តរាយ ដែល​គម្រោង​នេះ បានកំណត់​គោលដៅ​នៅក្នុង​ឃុំ​ចំនួន​១៦ នៅក្នុង​ខេត្តបាត់ដំបង ពោ​ធី៍​សាត់ កំពង់ឆ្នាំង និង​កំពង់ធំ​។​

​ឯកឧត្តម Mikami Masahiro ឯកអគ្គ​រដ្ឋ​ជប៉ុន​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «​កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​បានទទួល​រង​នូវ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ជា​បន្តបន្ទាប់ ដែល​ប៉ះពាល់​ដល់​ប្រជាជន​មួយចំនួនធំ ដូចជា បង្ក​ឲ្យ​មានការ​បាត់បង់​ជីវិត និង​ការខូចខាត​ផ្នែក​រូបវ័ន្ត​ទៅលើ​ទ្រព្យសម្បត្តិ​ជាច្រើន​។ ក្នុងនេះ​ផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​ផ្តល់​ក្តីសង្ឃឹម​ដោយស្មោះ​ថា គម្រោង​នេះ​នឹង​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​សន្តិសុខ​ស្បៀង​របស់​ក្រុមគ្រួសារ និង​សហគមន៍​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​»​។

​ឆ្លៀតឱកាស​នោះដែរ លោកស្រី Claire CONAN បាន​លើកឡើងថា «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​គាំទ្រ​ដល់​កិច្ចការ​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​កាលពី​ឆ្នាំមុន​។ ជំនួយ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ​ដែល​រស់នៅក្នុង​សហគមន៍​ដែល​ងាយ​ជន់​លិច​ដោយ​ទឹកជំនន់ និង​បាន​ប៉ះពាល់​ទៅលើ​ជីវភាព និង​ប្រព័ន្ធ​ស្បៀង​របស់​ពួកគាត់ ហើយ​ជំនួយ​នេះ​នឹង​ជួយ​ការពារ​ពួកគាត់​ពី​វិបត្តិ​នាពេល​អនាគត​»​។ លោកស្រី​បន្ដថា ក្នុងអំឡុងពេល​មួយ​ទសវត្ស​កន្លងមកនេះ ប្រទេស​កម្ពុជា​បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ចំនួន​៤​លើក​។ លើកចុងក្រោយ​បង្អស់​នៅក្នុង​ខែតុលា​ឆ្នាំមុន ទឹកជំនន់​បាន​បង្ក​ឱ្យ​ក្រុមគ្រួសារ ចំនួន​១៤.២៩៩​គ្រួសារ ផ្លាស់ប្ដូរ​ទីលំនៅ និង​ប៉ះពាល់​ដោយផ្ទាល់​ទៅលើ​ក្រុមគ្រួសារ​ចំនួន​១៧៦.០០០​គ្រួសារ (​ជិត ៨០០.០០០ នាក់​) ក្នុង​ខេត្ត​ចំនួន​១៤​។ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និង​ដី​កសិកម្ម​រង​ការ​ជន់​លិច និង​ខូចខាត​យ៉ាងដំណំ​ផងដែរ​។​

​សូម​រំលឹកថា ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក រដ្ឋាភិបាល​ជប៉ុន គឺជា​ដៃគូ​ដ៏​សំខាន់​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដែល​បាន​ចូលរួម​វិភាគទាន​ចំនួន​២២​លាន​ដុល្លារ​អាមេរិក​ក្នុងអំឡុងពេល​១០​ឆ្នាំ​កន្លងមកនេះ​តាមរយៈ​ជំនួយ​ជា​សម្ភារៈ (​អង្ករ និង​ត្រី​កំប៉ុង​) និង​ជំនួយ​ជា​ទឹកប្រាក់ ក្នុងការ​គាំទ្រ​លើ​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​។ ដោយឡែក នៅ​ឆ្នាំ​២០១៩ ប្រទេស​ជប៉ុន​បាន​ចូលរួម​វិភាគទាន​ចំនួន​២,៧​លាន​ដុល្លារ​អាមេរិក​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​លើកកម្ពស់​កសាង​ភាព​ធនធាន​របស់​សហ​គម​ន៍​នៅ​កម្ពុជា​ដើម្បី​ទប់​ទល់នឹង​វិបត្តិ និង​កសាង​សមត្ថភាព​ស្ថាប័ន​ក្នុងការ​ត្រៀមលក្ខណៈ​ទប់​ទល់នឹង​គ្រោះអាសន្ន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×