ភ្នំពេញ៖ លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងទេសចរណ៍គប្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ ដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងនិយាយឲ្យបានត្រឹមត្រូវទៅកាន់ទេសចរ ពីព្រោះពួកគេមួយចំនួនមិនទាន់យល់ដឹងពីប្រវត្តិសាស្ត្រនៅឡើយទេ។
ឧបនាយករដ្ឋមន្ត្រីជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសបើកសន្និបាតបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សារបស់អង្គសន្និបាត ឈរលើទស្សនទាន កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ និងគុណភាពខ្ពស់លោកឧបនាយករដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួន រួមមាន៖
ទី១៖ ក្រសួងទេសចរណ៍គួរមានវិធានការពង្រឹងការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ពិសេសចាប់យកកាល្លានុវត្តភាពនៃទីផ្សារសំខាន់ និងអាទិភាព ជាអាទិ៍ ទីផ្សារចិន និងឥណ្ឌា។ ក្រសួងទេសចរណ៍គួរមានវិធានការអនុវត្តឱ្យបានប្រសិទ្ធភាពនៃកម្មវិធីនយោបាយទេសចរណ៍ស្តីពី China Ready ខណៈដែលកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានចាត់ជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ទី២៖ ឈរលើសក្តានុពលនៃធនធានធម្មជាតិ និងវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា ក្រសួងទេសចរណ៍គួរមានវិធានការបែបណា ដើម្បីពង្រឹងប្រសិទ្ធភាពយុទ្ធសាស្ដ្រពិពិធកម្មទេសចរណ៍ ក៏ដូចជាអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ ច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ប្រកបដោយការចងចាំដល់ភ្ញៀវទេសចរ។
ទី៣៖ ក្រសួងទេសចរណ៍គួរមានវិធានការ និងគោលនយោបាយគាំទ្រ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ស្របតាមទស្សនទាន សេវាមួយ ស្តង់ដារមួយ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ តើធ្វើយ៉ាងណាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ពិសេសចលនាប្រឡងប្រណាំងនេះឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ៦,១លាននាក់ នៅឆ្នាំ២០១៨, ៧លាននាក់ នៅឆ្នាំ២០២០ និង ១៥លាននាក់ នៅឆ្នាំ២០៣០។
ទី៤៖ ក្រសួងទេសចរណ៍គួរមានវិធានការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ឱ្យសមស្របតាមស្មារតីនៃបម្លាស់ទីនៃអ្នកជំនាញទេសចរណ៍ (MRA) និងទស្សនទាន បុគ្គលិកម្នាក់ ជំនាញមួយ ក្នុងឧស្សាហកម្មទេសចរណ៍។
ទី៥៖ ក្រសួងទេសចរណ៍គួរមានវិធានការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដែលអាចបំផុសឱ្យមានចលនាដំណើរកម្សាន្តសម្រាប់យុវជន បុគ្គលិក កម្មករ-កម្មការិនី ឱ្យបានយ៉ាងហោចមួយដងក្នុងមួយឆ្នាំ។
ទី៦៖ ក្រសួងទេសចរណ៍គួរមានវិធានការពង្រឹងការអនុវត្ដច្បាប់ស្ដីពី ទេសចរណ៍ និងការពង្រឹងសមាគមឧស្សាហកម្មទេសចរណ៍ ដែលជាដៃគូរបស់រដ្ឋ ហើយដែលមានសារសំខាន់ជាចាំបាច់ ធានាដល់និរន្ដរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព នៃច្បាប់ស្តីពីទេសចរណ៍។
ទី៧៖ ក្រសួងទេសចរណ៍ គួរមានវិធានការពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងផ្តល់ផលដល់កំណើនទេសចរណ៍។
ទី៨៖ ក្រសួងទេសចរណ៍គួរមានវិធានការពង្រឹងភាពជាដៃគូរដ្ឋ និងឯកជន (PPP) ក៏ដូចជាតួនាទីឯកជនក្នុងវិស័យទេសចរណ៍ និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងទេសចរណ៍នៅថ្នាក់រាជធានី-ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ នៅឆ្នាំ២០៣០។
ទី៩៖ ក្រសួងទេសចរណ៍គួរមានវិធានការបែបណា ដើម្បីចូលរួមដល់ការជំរុញការតភ្ជាប់ (Connectivity) សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ បម្រើឱ្យការអភិវឌ្ឍវិស័យទេសចរណ៍។
លោកឧបនាយករដ្ឋមន្ត្រីបានជំរុញឲ្យក្រសួងទេសចរណ៍ត្រូវជំរុញឲ្យមានការបណ្ដុះបណ្ដាលបន្ថែម និងឲ្យបានច្បាស់លាស់ពីប្រវត្តិសាស្ត្រ ដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដោយលោកបានថ្លែងថា៖ ក្រសួងទេសចរណ៍គួរមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ ដើម្បីឲ្យយកចិត្តទុកដាក់ទាំងភាសា ការយល់ដឹងរឿងប្រវត្តិសាស្ត្រច្បាស់លាស់ កុំឲ្យពន្យល់ភ្ញៀវខុស។ ប្រាសាទយើងមួយៗសុទ្ធមានប្រវត្តិសាស្ត្រខុសគ្នា។ តំបន់អេកូទេសចរណ៍ក៏មានប្រវត្តិសាស្ត្រ។ ដូច្នេះ ការបណ្ដុះបណ្ដាលដល់មគ្គុទ្ទេសក៍មានសារសំខាន់ណាស់ មិនត្រឹមតែបណ្ដុះបណ្ដាលប្រវត្តិសាស្ត្រទេ បណ្ដុះបណ្ដាលឲ្យច្បាស់ពីប្រវត្តិសាស្ត្រ។
ចំណែកលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានគ្រឹះសម្រាប់ធានាចីរភាពនៃកំណើនវិស័យទេសចរណ៍។ ការសម្រេចបាននូវកំណើននៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០១៧នេះ ក៏ព្រោះដោយសារតែ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយ និងមានយុទ្ធសាស្ត្រត្រឹមត្រូវ ច្បាស់លាស់ ប្រកបដោយភាពប្រាកដនិយម ពិសេសមានច្បាប់ស្តីពី។ ទេសចរណ៍ និងផែនការជាតិ យុទ្ធសាស្ត្រ អភិវឌ្ឍទេសចរណ៍ លើសពីនេះទៀត ដើម្បីឆ្លើយតបនិងនិន្នាការ និងការវិវត្តន៍ថ្មី នៃវិស័យទេសចរណ៍ក្នុងតំបន់ និងពិភពលោក ក្រសួងទេសចរណ៍បាក់ដាក់ចេញនូវផែនការកំណែកទម្រង់វិស័យទេសចរណ៍ ដោយផ្តោតលើមុំ៤អាទិភាពគឺ ពង្រឹងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិត ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យទេសចរណ៍ រួមមានការខិតខំផ្សព្វផ្សាយទេសចរណ៍តាមឌីជីថល ការរៀបចំឲ្យមានការចុះបញ្ជីអាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ និងប្រព័ន្ធគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ អនឡាញ ជាដើម៕ ដោយ៖បញ្ញាស័ក្តិ