កាលពីពេលថ្មីៗនេះ មហាជនពិតមានការភ្ញាក់ផ្អើលជាខ្លាំង រហូតមានការជជែកឆ្លើយឆ្លងគ្នាឡើងចម្រូងចម្រាស់ រវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ក្រោយពីក្រសួងពាណិជ្ជកម្មបានប្តឹងចោទប្រកាន់ផលិតផលអាហារបំប៉នសុខភាព CooSea របស់ស្រីអូន សម្រស់ធម្មជាតិ ថាបានផ្សព្វផ្សាយកន្លងៗមក មានចរិតបោកប្រាស់សាធារណជនថាអាចព្យាបាលជាជំងឺរាប់សិបមុខ។
ក្នុងនោះ យោងតាមពាក្យបណ្តឹងរបស់ក្រសួង បានបញ្ជាក់ឲ្យដឹងថា កន្លងមក ក្រសួងពាណិជ្ជកម្មបានសង្កេតឃើញថា ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុនសម្រស់ធម្មជាតិ មានចរិតជាការបំភាន់ និងបោកបញ្ឆោតដល់សាធារណៈជន តាមរយៈការអះអាងដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់បានធូស្រាល ឬជាសះស្បើយពីជំងឺរាប់សិបប្រភេទ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្ម និងក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះបានបំពានទៅនឹងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលករណីនេះតម្រូវឲ្យមានការស៊ើបអង្កេតដោយមន្ដ្រីមានសមត្ថកិច្ច ដើម្បីចាត់វិធានការស្របទៅតាមច្បាប់ជាធរមាន។
យ៉ាងណាមិញ ក្រោយពីបានរឿងនេះបានផ្ទុះឡើង ស្រាប់តែអ្នកនាង នួន សុន្ទរី (ហៅស្រីអូន) ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ កាលពីវេលាម៉ោង ៨ និង ៤៧ នាទី យប់មិញនេះ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហោះសាររៀបរាប់យ៉ាងចាក់ដោតបែបនេះថា៖ «ស្អែកចេញរឿងថ្មីទៀតហេីយ បងប្អូនចាំមេីលទាំងអស់គ្នាណា ខ្ញុំសាំហេីយ ព្រោះយូរខែហេីយមិនមែនទេីបកេីតលេីខ្ញុំទេ គេធ្វេីបាបខ្ញុំគ្រប់រូបភាពដល់ថ្នាក់គាត់មិនបានដេកពួន រឿងវាជ្រាលជ្រៅណាស់លេីសពីអ្វីដែលបងប្អូនឃេីញទៀត រឿងភាគនេះគួរដាក់ចំណងជេីងអ្វីដែរបងប្អូន សុំចំណងជេីងមួយមក មូលហេតុដែរខ្ញុំមិនតបមិនតគឺដោយសារខ្ញុំមិនចង់បំពុលសង្គមទេ ហេីយមកដល់ពេលនេះក៏ខ្ញុំនៅតែមិនតបដដែល។
អ្នកនាងស្រីអូនក៏បានសង្កត់ធ្ងន់ទៀតថា «កុំសង្ឃឹមថាដុតខ្ញុំឆេះអោយសោះ ចង់យកកំដៅប៉ុន្មានអង្សារក៏ដុតខ្ញុំមិនឆេះ មិនលោតដែរ ដោយក្ដីស្រលាញ់ពីនាងខ្ញុំស្រីអូន នៅតែស្រលាញ់អ្នកធ្វេីបាបខ្ញុំ»។
ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញស្រីអូន ឆេះកំហឹងយ៉ាងដូច្នេះ ក៏មានបងប្អូនជាអ្នកគាំទ្រ បានចូលខមិនលើកទឹកចិត្តថា៖ «អំពើល្អមិនសាបសូន្យ មារតែងតែផ្ចាញ់ព្រះ តែក៏នៅធ្វើអ្វីមិនបានដដែល ស៊ូឡើងៗ, ខ្ញុំតាមដានរឿងភាគហ្នឹងរហូត បើយកមកសំដែង មិនដឹងគេជេរតួឈ្នានីសហ្នឹងម៉េចទៅ, ខ្ញុំជឿជាក់លើសម្រស់ធម្មជាតិឃូស៊ី…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង