Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណោះស្រាយ​របស់​ប៉ូលីស​ឥណ្ឌា ទៅលើ​ប្តី​ផិតក្បត់ ! ៣​ថ្ងៃ​ឲ្យ​នៅ​ជាមួយ​ប្រពន្ធ ៣​ថ្ងៃ​នៅ​ជាមួយ​មិត្តស្រី និង​១​ថ្ងៃ​គឺ​ត្រូវ​….

​យោងតាម​សារព័ត៌មាន​ឥណ្ឌា​មួយ បាន​រាយការណ៍​ឲ្យ​ដឹងថា បុរស​ម្នាក់​មកពី​ទីក្រុង Ranchi ក្នុង​រដ្ឋ Jharkhand បាន​រត់ចោល​ប្រពន្ធ និង​កូន ទៅសម្ងំ​សុខ​ជាមួយ​មិត្តស្រី​ថ្មី ដោយ​គ្មាន​គិត​ខ្វល់​អ្វី​សូម្បីតែ​បន្តិច​ឡើយ​។​

​បុរស​រូបនោះ ដែលមាន​ឈ្មោះថា Rajesh Mahato មកពី Kokar Tiril នៅក្នុង​ទីក្រុង Ranchi បាន​ទៅ​រស់នៅ​ជាមួយ​មិត្តស្រី​របស់គាត់ បន្ទាប់ពី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង បើទោះជា​បានដឹងថា​ខ្លួន​មាន​ប្រពន្ធ​កូន​ទៅហើយ​។ ពិតមែន​ហើយ យើង​ក៏​មិនអាច​ស្តីបន្ទោស​មិត្តស្រី​នោះបានទេ ព្រោះថា នាង​ក៏​មិនបាន​ដឹងថា បុរស​រូបនេះ​មាន​ប្រពន្ធ​នោះដែរ ព្រោះ Rajesh បាន​ប្រាប់​កុហក់​នាង​ថា ខ្លួនគេ​នៅ​លីវ​ប៉ុណ្ណោះ​។​

​ក្រោយពី​អ្នក​ទាំងពីរ បាន​ពង្រាត់​គ្នា ប្រពន្ធ​របស់ Rajesh បាន​ប្តឹងទៅ​ប៉ូលីស ស្រប​ពេលដែល​ឪពុកម្តាយ​មិត្តស្រី​របស់គាត់ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ូលីស​ផងដែរ ដោយ​ចោទថា លោក Rajesh បាន​ចាប់ជំរិត​កូនស្រី​របស់​ពួកគេ​។​

​ប៉ូលីស​ឥណ្ឌា​បន្ទាប់មក បានធ្វើការ​ស៊ើបអង្កេត​តាមដាន Rajesh ហើយ​បាន​ឃុំខ្លួន​គាត់​។ បុរស​រូបនេះ បាន​ឆ្លើយ​សារភាព​ប្រាប់​ប៉ូលីស​ថា រូបគេ​រៀបការ​នឹង​មិត្តស្រី​រួចហើយ នៅពេល​ពួកគេ​បាន​ពង្រត់គ្នា​។ រឿងនេះ​គឺជា​បញ្ហា​ប្រឈមមុខ​ដ៏​ធំ​រវាង​មិត្តស្រី និង​ប្រពន្ធ​របស់ Rajesh ដែល​ជម្រុញ​ឲ្យ​ប៉ូលីស​ត្រូវ​ធ្វើការ «​ដោះស្រាយ​» សម្រាប់​ភាគី​ទាំងអស់​ដែលជា​ប់​ពាក់ព័ន្ធ​។​

​ដំណោះស្រាយ​របស់​ប៉ូលីស បានចេញ​លទ្ធផល​ឲ្យ​ដឹងថា​៖ ទី​១- គឺ Rajesh ត្រូវ​ចំណាយពេល ៣ ថ្ងៃ នៅ​ជាមួយ​ប្រពន្ធដើម ក្នុង​រយៈពេល​១​សប្តាហ៍​, ទី​២- គាត់​ក៏​នឹងត្រូវ​ចំណាយពេល ៣ ថ្ងៃ ដូចគ្នា នៅ​ជាមួយ​មិត្តស្រី នៅក្នុង​រយៈពេល​១​សប្តាហ៍ និង​ទី​៣- គាត់​ត្រូវ​ផ្តល់​ពេល​មួយថ្ងៃ ដើម្បី​សំរាក​។​

​ប៉ូលីស​ក្នុង​តំបន់​បាន​និយាយថា ការរៀបចំ​នេះ​គឺ​ត្រឹមត្រូវ ដោយ​ពិចារណា​ថា លោក Rajesh បាន​រៀបការ​ជាមួយ​ពួកគេ​ទាំងពីរ​។ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ចុះកិច្ចសន្យា​ជា​ផ្លូវការ ដើម្បី​គាំទ្រ​ការរៀប​ចំនេះ និង​រក្សា​ច្បាប់​ចម្លង​មួយច្បាប់​។​

​តែ​ទោះយ៉ាងណា គ្រាន់តែ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​នៃ​កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា ស្រាប់តែ​មិត្តស្រី​នោះបាន​ចោទប្រកាន់​លោក Rajesh ពីបទ​រំលោភ​ផ្លូវភេទ លើ​លេស​នៃ​អាពាហ៍ពិពាហ៍ ហើយ​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលីស​ផ្សេងទៀត​។ ហើយ​ករណីនេះ ក៏ត្រូវ​តុលាការ​ក្នុង​តំបន់ ក៏​បានចេញ​ដីកាចាប់ខ្លួន Rajesh ផងដែរ​។​

​បច្ចុប្បន្ន បុរស​រូបនេះ​កំពុង​រត់គេច​ពី​ប៉ូលីស ហើយ​បើ​យោងតាម​របាយការណ៍​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ប្រពន្ធដើម​របស់ Rajesh ត្រូវបាន​គេ​ជឿថា បាន​ជួយ​គាត់​អោយ​រត់គេច​ពី​ប៉ូលីស​៕ រក្សា​សិទ្ធិ​ដោយ​៖ ប៉ូលីស​

×