ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៣កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៤កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានយកសំណាកនិងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះក្នុងឱកាសលោកប្រចាំការ ដោះស្រាយកិច្ចការបន្ទាន់ពាក់ព័ន្ធជំងឺកូវីដ–១៩ ព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង ១៤បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការនិងទប់ស្កាត់ការរីកដាលរីករាលដាលជំងឺកូវីដ–១៩នេះដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចេញពីទីតាំងទាំង៤៤នេះ។
លោកឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាល និងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឲ្យបានលឿននិងមានប្រសិទ្ធភាព ដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រសួងសុខាភិបាល គ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរ ក្រោយពីបានទទួលព័ត៌មានថាទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះ។
លោកឃួង ស្រេង បានបញ្ជាក់ថា ចំពោះកិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងជារាងរាល់ថ្ងៃ ចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀតក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩នេះ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ